ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សថ្នាក់កណ្តាល ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា ហេមចិន្តា អគ្គមហាឧបាសិការពុទ្ធសាសនូត្ថម្ភ បណ្ឌិត ម៉ៅ មាល័យ កែ គឹមយ៉ាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកា ជាង២ពាន់នាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូ លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សក្រុង គណបក្សសង្កាត់ និងសាខាបក្សភូមិផងដែរ។
ក្រោយពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអានរបាយការណ៍ស្វាគមន៍បង្ខេបស្តីអំពីការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការងារគ្រប់គ្រងគណបក្ស រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអគុណចំពោះ ឯកឧត្តម លោកជំទាវគណៈប្រតិភូ លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង សង្កាត់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយនូវទុកកង្វល់ របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ជាមួយគ្នានោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានលើកឡើងអំពីស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្ដើមគំនិតស្វែងរកការចរចា ខិតខំតស៊ូយ៉ាងស្វិតស្វាញក្នុងអំឡុងសង្គ្រាមដែលគេហ៊ុំព័ទ្ធផង,គេវ៉ៃផង ទាំងសេដ្ឋកិច្ចនិងនយោបាយ រហូតដំណើរឆ្ពោះទៅការបញ្ចប់សង្គ្រាម និងកសាងសន្តិភាព ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកដុះដាលទូទាំងប្រទេស ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តសំបូរសប្បាយ រយៈពេល ៤៤ឆ្នាំមកនេះ ដែលគ្មានគណបក្សណាធ្វើបាននោះឡើយ ។
ក្នុងនោះឯកឧត្តម ក៏បានលើកឡើងនូវចំណុចសំខាន់ចំនួនពី ដែលគ្មានគណបក្សណាធ្វើបាន ហើយត្រូវបានសមាជិករបស់ខ្លួន សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងគក្រឹកគក្រេងភ្លូកទឹកភ្លូកដីនោះគឺ
ទី១–ដោយសារតែការមើលឃើញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា រយះពេល៤៤ឆ្នាំ កសាងប្រទេស ចាប់ពីបាតដៃទទេ រហូតបច្ចុប្បន្នរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ មានទាំងសាលារៀន មន្ទីរពេទ្យ វត្តអារាមនៅក្បែផ្ទះ អាគារ សណ្ឋាគារ ខុនដូររីកស្គុះស្គាយ ផ្លូវបេតុងខ្វាត់ខ្វែគ្រប់ច្រកល្ហក់ជាដើម។
ទី២-គឺការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ចំពោះប្រទេសជាតិ ដែលជានិច្ចជាកាលគណបក្សប្រជាជននៅជាមួយប្រជាជន ឆ្លើយតបការលំបាករបស់ប្រជាជនគ្រប់ដំណាក់កាល ។
ទន្ទឹមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ដែលកំពុងគាំទ្រគណបក្សប្រជាជនកម្ពុជា សូមទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយគូសសន្លឹកឆ្នោតឲ្យចំលេខរៀង១៨ ដែលមានរូបទេវតាបាចផ្កា ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកប្រទេសឲ្យកាន់តែសំបូរសប្បាយនិងរីកចំរើនជាងនេះបន្តទៀត ៕