ខេត្តកណ្ដាល៖រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកបរចុះពីស្ពានព្រែកតាមាក់ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលឲ្យក្រឡាប់អូសទៅបុកស្ត្រីម្នាក់ស្លាប់ ខណៈកំពុងអង្គុយនៅលើម៉ូតូ ។ហេតុការដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកPcx ដែលឈប់នៅមុខការ៉ាស់សាំងតេលា បណ្ដាលឲ្យស្ត្រីអង្គុយលើម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហតុ។
រថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន (ណេសសិនណល់) បើកបរដោយឈ្មោះ អ៊ីត ថាច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IU-09220 ។
ក្រោយពីកើតហេតុកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ បានចុះវាស់វែងកន្លែងកើតហេតុ និងបានដកហូតសំភារៈទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕