ព័ត៌មានជាតិ

វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥) ក្រោមអធិបតីភាពលោក ចាន់ ថា អភិបាលរងខេត្ត

ខេត្តកំពត:ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥) ។

 

រដ្ឋបាលខេត្តបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះ មានគោលបំណង បង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង​និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការ​របស់ប្រជាពលរដ្ឋ​ក្នុងខេត្ត​ប្រកបដោយប្រសិទ្ធភាព ។

 

វេទិកាពិគ្រោះយោបល់នេះ ក៏បានរំពឹងទុកថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង បានយល់ពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តបានដោយរលូន មានសង្គតិភាព និង មានប្រសិទ្ធភាព ។

 

ក្នុងឱកាសដ៏នោះអភិបាលរងខេត្ត ក៏បានជម្រាបជូន លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិកាថា កិច្ចការបន្តទៅមុខទៀតនេះសម្រាប់ក្រុមការងារកសាងផែនការក្រុង ស្រុកត្រូវត្រៀមរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគនៅថ្នាក់ក្រុង ស្រុក ដូចនេះសូម មន្ទីរ អង្គភាព អង្គការ សង្គមស៊ីវិល និងវិស័យឯកជនត្រូវត្រៀមរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោង សកម្មភាព ដែលស្នើឡើងនៅក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ក្រុង ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក ៕

Leave a Reply

Your email address will not be published.