ព័ត៌មានជាតិ

ចំណងជើងអត្ថបទ ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ “ អង្គរសង្ក្រាន្ត ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍”

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖” កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ មាន ៣៨ កម្មវិធី ៣៤ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តប្រមាណ ៥០០០ នាក់

សន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥  ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” រៀបចំដោយស.ស.យ.ក. បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥។  សន្និសីទសារព័ត៌មាននេះមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា ជាពិសេសអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ឯកឧត្តមសប្បាយណា ប្រធានក្រុមការងារប្រតិបត្តិបានមានប្រសាសន៍ថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តគឺដើម្បីជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ
អង្គរសង្រ្កាន្តក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បី ល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។

ឯកឧត្តមបានបន្តថាក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការព៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។ ឯកឧត្តមបានរំលេចបន្ថែមថា កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

សូមជម្រាបជូនថាចង្វាក់បេះដូងអង្គរ គឺជាការសម្តែងទស្សនីយភាពរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

Leave a Reply

Your email address will not be published.