ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤ អាណត្តិទី៣ ឆ្នាំ២០២ ២

ខេត្តកណ្តាល៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤ អា​ណត្តិទី៣ ឆ្នាំ២​០២២ នៅស្រុក​កណ្ដាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន សមាជិកក្រុ​មប្រឹក្សា​ខេត្ត និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាល​រងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០​២២ អាជ្ញាធរខេត្តកណ្ដាល បានធ្វើ​ការឆ្លើយតបនៅសំណើ​រ សំណូមពរ និងបញ្ហាប្រឈមនានា របស់​ប្រជាពលរដ្ឋនៅស្រុកកណ្ដាល​ស្ទឹង ដែលបានលើកឡើង​កាលពីវេ​ទិកាក្រុមប្រឹក្សា​ខេត្តក្នុង​ឆ្នាំ២០២១ កន្លងមក​នេះ ក្នុងនោះរួមមានកា​រស្នើសុំតបបណ្ដាញ​ទឹកស្អាត សូមបញ្ចុះតម្លៃទឹកស្អាត ស្នើសុំស្ដារប្រឡាយ ស្នើសុំជួសជុលផ្លូវក្រហុក ស្នើសុំសាងសង់ផ្លូវបេតុង បញ្ហារថយន្តដឹកដី ខ្សាច់ បើកលឿនៗ និងបណ្ដាលឱ្យខូចផ្លូវមួយចំនួនក្នុងអន្តរឃុំ និងបញ្ហា​ផ្សេងៗទៀត​ដោយទទួល​បានការសាទរ​ពីប្រជាពលរដ្ឋក្នុងស្រុកកណ្ដាលស្ទឹងផងដែរ។

មានប្រសាសន៍ក្នុងវេទិកានេះដែរ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានលើក​ឡើងថា ក្រុមប្រឹក្សា គឺជា ដំណាងសាធារណៈ ជាអ្នកការពារ បម្រើផលប្រយោជន៍​ប្រជាពល​រដ្ឋក្នុងដែ​នសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវមាន គណនេយ្យភាព ដោយផ្ទាល់ចំពោះ​ប្រជាពលរដ្ឋទាំង​អស់ប្រកបដោយ​សមធម៌ ក្នុងគោលបំណង ឆ្លើយតបជម្រើស ជាអាទិភាព ព្រមទាំង បង្កើត ជំរុញ និងធ្វើឱ្យ​មានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងមានគណនេយ្យភា​ពចំពោះ​រាជរដ្ឋា​ភិបាលអំពីការប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ និង លិខិតបទដ្ឋាន​គតិយុត្តិនា​នា។

ឯកឧត្ដម បន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺបានផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យ​ទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បី​ផ្លាស់ប្ដូរ ​នូវបទពិសោ​ធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និង​ប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះ​ស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោ​យហេតុផលច្បាស់លាស់។ គ្រប់អ្នក​ពាក់ព័ន្ធទាំ​ងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹង​នេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេ​យ្យភាពសង្គម​តាមបែបប្រជាធិប​តេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផល​ដែលក្រុ​មប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកា​សជូនប្រជា​ពលរដ្ឋលើក​ឡើងអំពីបញ្ហាសំណើ សំណូមពរ ដែល​ជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្ត​តួនាទី ភារកិច្ចរប​ស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិ​ភាក្សា និងឆ្លើយតប ។

ក្នុងវេ​ទិការនេះដែ​របានលើកឡើងនូវសំណូមពរមួយចំនួនដូចជា៖ ស្នើសុំផ្លូវបេតុង ផ្លូវក្នុងភូមិ ស្នើសុំអ​គារសិក្សា ស្នើសុំរបងសាលា ស្នើសុំស្ដារអូរធម្មជាតិ ស្នើសុំបញ្ចុះថ្លៃទឹកស្អាត បញ្ហាអគ្គិសនី និងបញ្ហា​ផ្សេងៗទៀត។

រាល់​បញ្ហា និងសំណូមពរ ដែល​បានលើកឡើងក្នុងវេទិការ ត្រូវបានគណៈអធិបតី មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូ​វបានលើកជូនក្រុម​ប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច ៕

Leave a Reply

Your email address will not be published.