ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលក្នុងវត្ត ច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ ត្រូវបានធ្វើពិធីបុណ្យឆ្លងនៅរោងស្គរធំ ដែលមានទទឹង ៦ម៉ែត្របួនជ្រុង កម្ពស់១៥ម៉ែត្រ ត្រូវចំណាយថវិកាអស់ចំនួន ២០០០០ដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយម្ចាស់សទ្ធា កសាង រោងស្គរធំនេះរួមមាន ម្ចាស់គ្រូ ខៀវ សំបូន គង់នៅសហរដ្ឋអាមេរិក ព្រះគ្រូសំម៉ាយ ប៉ាន់សុផាន់ គង់នៅសហរដ្ឋអាមេរិក ព្រះគ្រូ ថា ប៊ុនឡាត់ ព្រះអនុគណស្រុកអូរជ្រៅ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ព្រមទាំងសប្បុរសជនរស់នៅ រដ្ឋអាមេរិក។
ព្រះគ្រូសំម៉ាយ ប៉ានសុផាន់ ព្រះអង្គគង់នៅសហរដ្ឋអាមេរិកបានមានសង្ឃដីកាថា ទោះបីព្រះអង្គបានគង់នៅសហរដ្ឋអាមេរិកក្ដី តែព្រះអង្គពុំភ្លេចនៅស្រុកកំណើតនោះឡើយ ជារឿយៗព្រះអង្គ តែងធ្វើនូវការបិណ្ឌបាតពីញាតិញោមសប្បុរសជន ដែលរស់នៅសហរដ្ឋអាមេរិកឬក៏រស់នៅឯនាយសមុទ្រដើម្បីរួមចំណែកជួយកសាងនូវសមិទ្ធផលនានា ទុកជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទដូចជា ការចូលរួមចំណែកជួយដល់សង្គមជាតិផងដែរ។
លោក កែវ តារារស្មី ដែលជាអភិបាលស្រុកអូរជ្រៅបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គដែលនិមន្ត មកពីសហរដ្ឋអាមេរិក និងសប្បុរសជនដែលបានចំណាយពេលវេលា ដ៏មានតំលៃ អញ្ជើញមកចូលរួមសម្ពោធនៅរោងស្គរធំ នាថ្ងៃនេះ ដែលធ្វើឲ្យមានចិត្តរំភើបសប្បាយរីករាយយ៉ាងក្រៃលែង។លោកកែវតារារស្មីបានមានប្រសាសន៍បន្តថា រាល់សមិទ្ធផលដែលបានកកើតឡើងជាច្រើនទាំងពុទ្ធចក្រ ក៏ដូចជាអាណាចក្រ គឺអាស្រ័យដោយប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៃគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច។ចុងក្រោយគណៈអធិបតីបាននិមន្ត និងអញ្ជើញកាត់ខ្សែបូឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ រោងស្ករធំនេះ ព្រមទាំងបានរាប់បាត្រដល់ព្រះសង្ឃផងដែរ ៕