ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាកុមារអូទីស្សឹម និងពិការភាព​សតិបញ្ញា នៅវិទ្យាយាល័​យអប់រំពិសេ​សក្រុង​តាខ្មៅ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបញ្ចប់បឋ​មសិលាកសាងអគារសិក្សា ១​ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ ​នៅវិទ្យាល័យអ​ប់រំពិសេសក្រុងតា​ខ្មៅ នៅព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ​លោ​កជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានធ្វើការផ្ដាំផ្ញើទៅកាន់ឪពុកម្តាយ ឬអាណា​ព្យាបាល ត្រូវយ​កចិត្តទុកដា​ក់ដល់កូនៗ​ចាប់តាំង​ពីថ្ងៃកើ​តកុំបណ្តែតបណ្តោយ ឱ្យកូនក្លាយ​ជាក្មេងអូ​ទីហ្សឹម ឬខ្សោយស​តិបញ្ញា។ អូទីហ្សឹមអា​ចកើ​តលើកុមា​រ ពីអាយុ២៤ទៅ៣៦ខែ ឪពុកម្តាយ​ត្រូវចំ​ណាយពេល​វេលា ដើម្បីនៅ​ជាមួយ​កូនឱ្យបានជាប់លាប់ ដើម្បីបាន​ហាត់បង្រៀន​កូនៗឱ្យចេះនិ​យាយ​ស្ដី លេ​ងជាមួយកូន​ៗដើ​ម្បីបង្កើន​ភាពស្និទ្ធស្នាល និងព្យាយា​មនិយា​យលេងជា​មួយកូនជា​ប្រចាំ ជាពិសេស​មិនត្រូវ​បណ្ដែត​បណ្ដោយឱ្យក្មេងតូច​ៗមិនទាន់គ្រប់​អាយុៗលេ​ងទូរសព្ទ​ច្រើននោះឡើយ។

ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូ​ទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុ​មារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់ប​ង្រៀនឡើយ ហើយ​ការបង្ហាត់បង្រៀនរ​បស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោ​ពេញទៅដោយទឹកចិត្តស្រលាញ់ ពោល​គឺបានចាត់ទុកពួកគេដូចជាកូនបង្កើតរបស់ខ្លួន។

ឯក​ឧត្តម បានបញ្ជាក់ថា សិស្សានុសិស្ស ដែលមាន​ពិការភាពសតិបញ្ញា និងអូទីស្សឹមនេះ មានកា​រពិបាកបង្រៀន​ណាស់ បើប្រៀបធៀប ទៅនិ​ងសិស្សានុសិស្ស ពិ​ការភាព ដទៃទៀត ដែលទាមទារ មាន​ការ​អត់ធ្មត់ ខ្ពស់បំផុត ពី​លោកគ្រូអ្នកគ្រូ ទើបទទួលបានជោគជ័យ ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានឱ្យដឹងថា សព្វថ្ងៃនេះវិទ្យាល័យមា​នអាគារសិក្សាចំនួន ២ខ្នងស្មើនឹង ១៣បន្ទ​ប់ មាន​បន្ទប់កុង​តឺន័រច​ល័ត​ចំនួន​ ៨បន្ទប់ ​និងនៅសា​លាឧ​បសម្ព័ន្ធទាំ​ងបីទី​តាំងមា​នចំនួន ​៨បន្ទប់។មានបុគ្គលិកនិងគ្រូបង្រៀនសរុប ៦៣ នាក់ ស្រី ៣៦នាក់ ក្នុង​នោះគ្រូក្របខ័ណ្ឌរដ្ឋសរុ​បមានចំនួន ៣៥​ នាក់ គ្រូជាប់កិច្ចស​ន្យាមានចំនួន ១៥នាក់ គ្រូស្ម័គ្រចិត្ត​មានចំនួន ៨ នាក់ បុគ្គលិកស្ម័គ្រចិត្តមានចំនួន ៥នាក់។ បច្ចុប្បន្នវិទ្យាល័យអប់រំ​ពិសេសមានសិ​ស្សអូឌីហ្សឹម និងខ្សោយ​សតិបញ្ញាចំនួន ២៣៥ នាក់ ស្រី ៥៨នាក់ ៕

Leave a Reply

Your email address will not be published.