——
“យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយឲ្យនៅកម្រិតតិចបំផុត ហើយឈានទៅលុបបំបាត់ទាំងស្រុងនូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មាននៅក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាន”។ នេះជាការលើកឡើង របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា ព័ត៌មានក្លែងក្លាយធ្វើឲ្យមានការប្រកាន់បក្សពួក ភាពភ័យខ្លាច អសណ្តាប់ធ្នាប់នៅក្នុងសង្គម និងនយោបាយ បំផ្លាញសុខសន្តិភាព ដែលបន្ទុចបង្អាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា មិនតែប៉ុណ្ណោះឈានទៅប៉ះពាល់ដល់ទំនាក់ទំនងការទូតផងដែរ របស់កម្ពុជា និងប្រទេសនានានៅលើពិភពលោកផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា៖ ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ដូច្នេះយើងត្រូវរួបរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បានតាមដានជាប្រចាំទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយនៅឆ្នាំ២០២៣ បានកត់សម្គាល់ឃើញថាមានព័ត៌មានក្លែងក្លាយ ចំនួន ៣ ២០៨ ហើយនៅក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ ចំនួន ៣ ៦៥១ គឺមានកំណើនកើនឡើង ១៤% នៃព័ត៌មានក្លែងក្លាយ។
ព័ត៌មានក្លែងក្លាយដែលក្រុមការងារបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ គឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតលើវិស័យសំខាន់ៗ ទាក់ទងជាមួយសុខសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់ជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ៖ ទី១ ព័ត៌មានក្លែងបន្លំ (Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ ទី២ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ចំណែកទី៣ វិញ គឺព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រាបជូនថា សាធារណជនត្រូវពិនិត្យមើលប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណ ស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈដទៃ ទៀតចុះផ្សាយដែរឬទេ? ដែលទាំងនេះគឺជាចំណុចសំខាន់ៗត្រូវធ្វើដើម្បីដឹងថានោះជាព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយ។
ចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នឹងសំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មានផងដែរ ដែលផ្តោតទៅលើគោលសំខាន់បី គឺធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលកិច្ចការងារនេះគឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គមជាតិយើង៕
AKP