ខេត្តស្ទឹងត្រែង៖ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារ និងស្បៀងសម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលានោះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហត្តរាយខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ ពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ថាវរិទ្ធ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក មន្ទីរ–អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅនៅទីទួលមានសុវត្ថិភាព។ បន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល។
ក្នុងឱកាសនោះដែរអង្គប្រជុំបានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ៕