ខេត្តស្វាយរៀង៖ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។
នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គម ជាពិសេសក្នុងកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ។
ជាមួមគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១–បន្តយកចិត្តទុកដាក់លើបញ្ហាភូមិ ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។
២–រៀបចំកម្មវិធីវេទិការសាធារណៈជូនដល់ក្រុមប្រឹក្សាខេត្ត។
៣–មន្ទីរ–អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៤–រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជម្រុញឲ្យបានគ្រប់ៗគ្នា។
៥–ត្រូវត្រៀមលក្ខណៈរៀបចំបង្កើតគណកម្មការរៀបចំពិធីអុំទូកនៅច្រាំងទន្លេវ៉ៃគោខេត្តស្វាយរៀង។
៦–កាកបាទក្រហមកម្ពុជាខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិជាដើម៕