
អភិបាលខេត្តសៀមរាប នឹងបង្កើតឱ្យមានទីកន្លែងសម្រាប់ថែទាំកុមាររបស់មន្ត្រីសាលាខេត្ត និងទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ
(សៀមរាប)៖ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារីសាលាខេត្តសៀមរាបប្រមាណ ១០០នាក់ នាឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ “រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល“។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ដើមី្បជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅពេលខាងមុខនេះ ឯកឧត្តមនឹងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមារ របស់មន្ត្រីសាលាខេត្ត និងទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗទៀតផង ។
នាឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ “ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល“ ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និង ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ឯកឧត្តម ទៀ សីហា និង ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព នឹងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកា ចំនួន២ពាន់ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ម្នាក់ៗទទួលបាន ក្រណាត់ហួល ២សំពត់ និង ក្រណាត់ប៉ាក់ ១អាវ ផងដែរ ៕