ព័ត៌មានជាតិ

ក្នុងថ្ងៃតែមួយ​ មានអ្នកស្លាប់​ដោយសារលង់ទឹក​ចំនួន៤​នាក់ ក្នុង​នោះមានក្មេង៣នាក់ នៅក្នុងខេត្តប​ន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖ករណីមនុស្ស០៤​នាក់បា​នបាត់បង់ជីវិត ក្នុងនោះ​មា​នក្មេង០៣នាក់ ដោយ​សារល​ង់ទឹក នៅក្នុង​ថ្ងៃតែមួ​យដោយឡែកពីគ្នា ក្នុងខេត្តបន្ទាយមានជ័យ។នគរបាលស្រុកស្វាយចេក បានឲ្យ​ដឹងថា៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចន្លោះពី​១០ទៅម៉ោង១១និង៣០នាទីព្រឹក មាន​ក្មេងប្រុ​សម្នាក់ឈ្មោះ ថែវ វ៉ាន់ថង (ហៅម៉ៅ) អាយុ០៦ ឆ្នាំ បានលង់ទឹកស្រះ​ជីក​ក្នុងស្រែ​ស្លាប់ នៅចំណុចវាលស្រែ ចំងាយប្រហែល ២,០០០ ម៉ែត្រ ខាងជើង​ភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខណៈ​ពេលទៅ​តា​មឪពុកម្ដាយទៅភ្ជួរស្រែ ហើយ​ចុះលេងទឹកស្រះ ។

 

នៅស្រុកមង្គលបូរី នគរបាល បានឲ្យដឹងថា៖នៅថ្ងៃខែខាងលើ​វេលាម៉ោង០៣និង១៥ នាទីល្ងាច មាន​ក្មេង០១នាក់ ក្នុងចំណោ​មក្មេង០២នាក់ បានលង់​ទឹកប្រឡា​យស្លាប់ ខ​ណៈពេ​លក្មេងទាំ​ង០២នាក់ទៅ​លេងទឹកប្រឡា​យចំងាយ១,០០០ម ខាងត្បូងភូមិស្រណា​ល ឃុំសំបួរ ស្រុកមង្គលបូរី។ ក្មេង​ដែល​ស្លាប់ឈ្មោះ ញ៉ា ផានិត អាយុ៧ ឆ្នាំ រស់នៅភូមិឡ ឃុំសំបួរ ស្រុកមង្គលបូរី។ក្មេងរងគ្រោះ​រស់នៅ​ជាមួយជីដូន ឪពុកម្តាយចំ​ណាកស្រុកធ្វើការនៅប្រទេសថៃ ។

 

នៅស្រុកថ្មពួក នគរ​បាលបាន​ឲ្យដឹងថា៖ មានជ​នរងគ្រោះស្លា​ប់ដោយសារលង់ទឹកចំនួន០១នាក់ នៅចន្លោះពីម៉ោ​ង០៤ ដល់ម៉ោង ០៨និង១៥​នាទីយ​ប់ មាន​​ឈ្មោះ ពិន សាវឿត ភេទប្រុស អាយុ៥៨​ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រវឹងស្រាហើយ​ចុះងូតទឹក​ស្រះ ខាងជើ​ងភូមិទ្រាស ចម្ងាយប្រមាណជា២០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។

នៅក្រុងសិ​រីសោភ័ណ នគរបាលបា​ននិយាយថា៖ វេលាម៉ោង០១និង៣០នាទីរសៀល​មានក្មេងលង់​ទឹក​ស្រះស្លាប់នៅចំណុច វាលស្រែចម្ងាយ ៣​០០ម៉ែត្រ ខាងលិច ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះ ឈ្មោះ រិទ្ធ ឡេឌី ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិតាម៉ា សង្កា​ត់ម្កាក់ ក្រុងសិរីសោភ័ណ ។

នគរ​បាលបានបញ្ជាក់ថា៖ទាក់​ទិននឹងករណីមនុស្សស្លាប់នេះ នគរបាល​បានបង្កើត​គណៈកម្មកា​រត្រួត​ពិនិត្យ​លើសព ឃើញ​ថាជនរ​ងគ្រោះទាំង​០៤នាក់ គឺស្លាប់ដោយ​សារលង់ទឹកប្រាកដមែន គឺពុំ​មានស្លាកស្នា​មអ្វីទាក់ទិននឹ​ងករណីឃាតកម្មនោះឡើយ។ក្រោយពីពិត្យរួចបានប្រគល់សព​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី៕

Leave a Reply

Your email address will not be published.