កាលពីឆ្នាំ២០២០ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានមកជួបបងប្អូនជាង៣៥០គ្រួសារនៅអូរដំរី (ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ) ហើយបានបន្តចុះមកជួបបងប្អូននៅឆ្នាំបន្ទាប់រហូតដល់ថ្ងៃទី ៦ មិថុនា ឆ្នាំ២០២៣ ទើបមានឱកាសបានមកម្តងទៀតជាមួយ ឯឧ លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកអំណោយជាអង្ករ ត្រីខ ក្រមា និងថវិកាមួយចំនួនរបស់ សម្តេចប្រធានបក្សមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋជាង៣៦០គ្រួសារនៅទីនេះ។ ឯកឧត្តមពិតជាត្រេកអរដែលបានឃើញជីវភាពរស់នៅរបស់បងប្អូនកាន់តែល្អប្រសើរក្រោមការដឹកនាំរបស់អភិបាលខេត្ត គួច ចំរើន។
ឯកឧត្តម ដួង តារា សូមអរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋនៅទីនេះបានរស់នៅសុខសប្បាយនិងរីកចម្រើនមកទល់សព្វថ្ងៃ។ អរគុណលោកបចៅសង្កាត់ដែលតែងផ្តល់ទំនុកចិត្តនិងកិច្ចការពារលើបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋដោយក្តីអាណិតស្រឡាញ់។ អ្វីដែលជាសំណូមពរចាំបាច់របស់បងប្អូននៅពេលនេះ គឺសុំអាជ្ញាធរខេត្តជួយតភ្លើងអគ្គីសនីចូល (បងប្អូនបានរៃអង្គាសថវិកាដាក់រាយបង្គោលភ្លើងបានមួយចំនួនធំរួចហើយ) និងប្រព័ន្ធទឹកស្អាតដល់ពួកគាត់បានប្រើប្រាស់ និងសុំអភិបាលខេត្ត និងមន្ទីរដែនដីខេត្តផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់អោយមានឱកាសធ្វើផ្ទះសម្បែងអភិវឌ្ឍន៍ការរស់នៅបានសមរម្យរីកចម្រើនដូចពលរដ្ឋទូទៅក្នុងខេត្តព្រះសីហុន ព្រោះពួកគាត់បានគ្រប់គ្រងកាន់កាប់រស់នៅអាស្រ័យផលដែលមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានជាច្រើនឆ្នាំមកហើយ។
ពិតណាស់ បងប្អូនជាកូនចៅសម្តេចទាំងទ្វេគឺមានសេចក្តីគោរពស្រឡាញ់ដោយភាពស្មោះត្រង់និងគាំទ្រឥតងាករេបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមកទល់សព្វថ្ងៃ។ ឯកឧត្តមសូមជូនពរបងប្អូនជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សម្តេចតេជោគឺជាម្លប់ពលរដ្ឋខ្មែរទូទាំងប្រទេស សុខទុក្ខបងប្អូនគឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕