ខេត្តកណ្តាល ៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ស្ថិតនៅក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ៤៥ ម៉ែត្រ X ១៨ម៉ែត្រ កម្ពស់មួយជាន់ពីរជួរ និងមាន១៦បន្ទប់ នៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ជាសមិទ្ធផលដែលបានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាល ស្រុកពញាឮ ដែលបានកើតពីការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងទាំងស្មារតី និងសម្ភារៈពីសំណាក់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដែលឯកឧត្តមតែងតែដឹកនាំ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮនេះ ជាសក្ខីកម្មនៃសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច–សង្គម ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនទូទាំងប្រទេស ពិសេសនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល និងដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅ យុទ្ធសាស្ដ្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាព”។
ជាមួយគ្នានោះដែរឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានសំដែងការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ គិលានុបដ្ឋាក–យិកា និងបគ្គលិទាំងអស់នៃមន្ទីរពេទ្យបង្អែកសរុកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃលើការពិនិត្យ ពិគ្រោះយោបល់ ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ក្នុងនោះឯកឧត្ដមបណ្ឌិត ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌុលសុខភាពទាំងអស់ សូមពង្រឹងវិន័យការងារ ពិនិត្យ ពេលវេលាម៉ោងធ្វើការ វេនយាមឱ្យបានទៀងទាត់ត្រឹមត្រូវ និងរាល់សកម្មភាពរបស់បុគ្គលិកក្រោមឱវាទ អំពីក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងការទទួលខុសត្រូវខ្ពស់ដោយមិនត្រូវទុកអ្នកជំងឺចោលឡើយ។ ត្រូវចងចាំថា គ្រូពេទ្យត្រូវព្យាបាលជំងឺជាមុនសិនទើបគិតលុយជាក្រោយ គឺមិនត្រូវចាត់ទុកលុយជាធំជាងអ្នកជំងឺឡើយ៕