(បន្ទាយមានជ័យ)៖មន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ស្ដីពីការផ្ដល់ធាតុចូលលើសេចក្ដីព្រាង នីតិវិធីការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាណឯកឧត្តម ស សាមឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះ និតិវិធីនៃការត្រួតពិនិត្យលើការបើកផ្ដល់ប្រាក់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់មន្ត្រីរាជការស៊ីវិលរហូតដល់ការចូលនិវត្តន៍ ជៀងនេះទៀតក្រសួងមុខងារសាធារណៈបានបង្កើត នឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការថ្មីជាប្រព័ន្ធមានលក្ខណៈអនឡាញដែលអាច គាំទ្រដល់ការគ្រប់គ្រងមន្ត្រីរាជការទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងសក្ដិសិទ្ធិភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័នក្នុងរដ្ឋបាលសាធារណៈ។
ឯកឧត្តម ស សាមឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈបានបង្ហាញសេចក្ដីព្រាង និងសេចក្ដីណែនាំនិតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពការគ្រប់គ្រងលើទិន្នន័យដល់មន្ត្រីរាជការ មាន ៨ចំណុចសំខាន់ៗរួមមាន អង្គភាពជុំវិញត្រូវរៀបចំរបាយការណ៍ស្ដីពីការផ្លាស់ប្ដូរ មកមន្ទីរមុខងារសាធារណៈឲ្យបានមុនដំណាក់សប្តាហ៍ទី១ នៃខែនីមួយៗ ក្នុងករណីពិនិត្យឃើញមានលក្ខណៈមិនត្រឹមត្រូវ ឬពិនិត្យឃើញមានភាពមិនប្រក្រតីក្នុងការបើកផ្ដល់ប្រាក់បៀវត្សលើស មន្ទីរមុខងារសាធារណៈត្រូវព្រៀងលិខិតពាក់ព័ន្ធ ករណីដែលបានរកឃើញត្រូវផ្ដល់ជូនមកក្រសួងមុខងារសាធារណៈ ត្រូវធ្វើសេចក្ដីចម្លង ជូនអង្គភាពពាក់ព័ន្ធស្ដីពីការបង្វែរថវិការចូលរដ្ឋវិញ។
ឯកឧត្តម ស សាមឌី បានមានប្រសាសន៍បន្តថា គុណប្រយោជន៍របស់ប្រព័ន្ធព័ត៌មានវិទ្យារួមមាន
–ទិន្នន័យមានភាពច្បាស់លាស់ និងមានបច្ចុប្បន្នភាព។
–មានភាពងាយស្រួលក្នុងការរៀបចំរបាយការណ៍ និងស្ថិតិមន្ត្រីរាជការ។
–អាចធ្វើការវិភាគមុខងាររបស់មន្ត្រីរាជការ តាមមុខងារនិងជំនាញ។
–ក្រសួង–ស្ថាប័ន អាចទាញទិន្នន័យមន្ត្រីរាជការ ស្ថិតិ និងរបាយការណ៍ផ្សេងៗ របស់សាមីក្រសួង–ស្ថាប័ន មកប្រើប្រាស់បានគ្រប់ពេលវេលា។
–មន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួនតាមរយៈ Mobile App នឹងអាចធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនរបស់ខ្លួនបាន។
–កំណត់ប្រភេទលក្ខន្តិកៈ (រដ្ឋបាល,មហាផ្ទៃ,អប់រំ,ការទូត,សុខាភិបាល)។
–ភ្ជាប់ឯកសារយោងផ្សេងៗ (សំបុត្រកំណើត,លេខអត្តសញ្ញាណប័ណ្ណ,សញ្ញាប័ត្រ…)។
–កត់ត្រាប្រវត្តិរបស់មន្ត្រីម្នាក់ៗតាំងពីចាប់ផ្ដើមរហូតដល់ចូលនិវត្តន៍។
–អាចធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ។
–មានមុខងារគាំទ្រដល់គ្រប់កម្រិតគ្រប់គ្រង ចាប់តាំងពីកម្រិតប្រតិបត្តិការ កម្រិតកណ្ដាល និងកម្រិតខ្ពស់៕