ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងសណ្តស្ទឹងព្រែកត្នោត (ទំនប់ ៧មករា) ស្ថិតនៅស្រុកកណ្តាលស្ទឹង។
នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក នៅស្ពានព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអន្តរាគមន៍ឆ្លើយតប សង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង សង្កាត់ សហការជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងក្រសួងការពារជាតិ និងកងកម្លាំងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ កំពុងបន្តចុះជួយសង្គ្រោះ នឹងរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការបាក់ស្រុតចូលក្នុងព្រែក និងដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយការបាក់ស្រុតផ្ទះ ដើម្បីបញ្ជៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញទៅអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចហើយពិនិត្យលទ្ធភាពបន្ថែម៕