ខេត្តកំពង់ចាម៖មនុស្សជាច្រើនកំពុងតែមានការជួបជុំប្រមូលផ្ដុំនៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ការជួបជុំប្រមូលផ្ដុំនេះនៅជាប់ប៉ុស្តិ៍នគរបាលឃុំស្តៅ ប្រមាណជា២០០ម៉ែត្រ គឺប្រមូលគ្នាមកលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោងភ្នាល់លុយជាច្រើនដោយអ្នកមកលេងជិះសុទ្ធតែឡានទំនើបៗ និងមានអ្នកមើលផ្លូវយ៉ាងប្រុងប្រយ័ត្នបំផុតដែលមិនអាចឲ្យអ្នកសារព័ត៌មានអាចចូលទៅផ្តិតរូបភាពបាននោះទេ។
ករណីល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ បើនិយាយទៅ មិនមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ ព្រោះសមត្ថកិច្ចម្នាក់ៗ ឆ្លើយថារវល់គ្រប់ៗគ្នា។
ពលរដ្ឋស្នើសុំលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាជួយពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ព្រោះសមត្ថកិច្ចថ្នាក់មូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត–រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ–ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោសអ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៉ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់១ខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា។
ជុំវិញសកម្មភាពល្មើសច្បាប់មហាជនក៏ដូចជាអ្នកសារព័ត៌មាន រងចាំមើលតើលោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ហ៊ានបង្ក្រាបចំពោះសកម្មភាពជួបជុំល្បែងស៊ីសងជល់មាន់នេះបានដែរឬទេ ហើយភ្នាក់ងាររបស់យើងនឹងរងចាំការបំភ្លឺ ក្នុងករណីនេះគ្រប់ពេលម៉ោងធ្វើការ៕