(បន្ទាយមានជ័យ)៖សាមគ្គីផ្ទៃក្នុងបានល្អទើបលទ្ធផលការងារទទួលបានជោគជ័យ។ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ សាស្ត្រចារ្យឱសថបណ្ឌិត ខៀវ ទេពរង្សី កញ្ញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
បន្ទាប់ពីឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍ពីស្ថានភាពជុំវិញការងាររបស់មន្ទីរព័ត៌មានខេត្តរួចមក ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ផ្តាំផ្ញើដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ខិតខំរៀនសូត្រលើមុខជំនាញផ្សេងៗ អ្វីដែលសំខាន់ទៀតនោះគឺការផ្សព្វផ្សាយឲ្យមហាជនទូទៅទាំងក្នុងនិងក្រៅប្រទេស បានយល់ដឹងពីបរិបទ និងដំណឹងបច្ចុប្បន្នភាពឲ្យបានទូលំទូលាយ និងជ្រួតជ្រាប លឿនរហ័សទាន់ហេតុការណ៍ និងមានប្រសិទ្ធភាព។ដូចទិសស្លោកមួយពោលថា“មនុស្សស្គាល់ផ្លូវ ក្មេងដើរលឿន“។ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥០០$ សហរដ្ឋអាមេរិច ដល់មន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរព័ត៌មានខេត្ត។
បន្ទាត់ពីការជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានរួចមក ឯកឧត្តមនិងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យនៅស្ថានីយវិទ្យុជាតិផងដែរ ៕