កណ្តាល៖គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកកាប់ឈូសឆាយព្រៃ ដែលមានដើមឈើធំៗនៅក្នុងផ្ទៃអាងទឹកអនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូតផ្លូវទូក ដែលមានទំហំជិត៦០ហិកតា ស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពនៃការដាក់គ្រឿងចក្រ កាប់ព្រៃឈើនៅក្នុងផ្ទៃអាងមេទឹកនេះ គឺបានធ្វើសកម្មភាពជាង១ខែមកហើយ ដោយបានកាប់ឆ្ការ ឈូសឆាយ និងបានដឹកជញ្ជូនឈើចេញអស់ហើយ នៅឡើយតែគល់ច្រូងច្រាង ចំណែកព្រៃឈើតូចៗត្រូវបានដុតបំផ្លាញនៅក្នុងផ្ទៃអាងតែម្តង។
ដីផ្ទៃអាងទឹកនេះប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាសម្បត្តិរបស់រដ្ឋ ហើយជាប្រភពមេទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រជាកសិករ យកទឹកនេះដើម្បីបូមដាក់ស្រែ ធ្វើស្រូវ តែពេលនេះប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគ្រឿងចក្រឈូសឆាយ ហើយឮថាក្លាយទៅជាសម្បត្តិឯកជនបែបនេះ ហើយប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និង អាជ្ញាធរពាក់ព័ន្ធជួយបកស្រាយពន្យល់ពួកគាត់ជាពលរដ្ឋផង។
ផ្ទៃអាង អនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ទំនប់ផ្លូវទូកនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០១១ មកម៉្លេះ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ផ្ទៃអាងទឹកនេះគឺមាន សជណ ប្រគល់ឱ្យក្រុមហ៊ុន ឃុន សៀ ។ តែប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាត្រូវបានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា មួយរូប (សុំមិនទាន់បញ្ចេញឈ្មោះ)ដែលដឹងថាអគ្គនាយក អភិវឌ្ឍន៍បុរី និង ផ្ទះវីឡា រួចទៅហើយ និង មានប្លង់កម្មសិទ្ធិរួចរាល់អស់ទៅហើយ។ ។
ចំពោះករណីនេះភ្នាក់ងារយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលដើម្បីសុំព័ត៌មាននេះ លោកបានប្រាប់ថាឱ្យធ្វើការទំនាក់ទំនងទៅរដ្ឋបាលខេត្តកណ្តាលវិញ។ ចំណែកលោក ហ៊ែល ម៉ូដេត ប្រធានភូមិបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹង ដីអាងទឹកនេះគឺមាន សជណ ពីរដ្ឋ ទៅជាកម្មសិទ្ធិឯកជន ហើយចំពោះឯកសារពាក់ព័ន្ធ គឺអាចទំនាក់ទំនងរដ្ឋបាលខេត្ត។ ដោយឡែកលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សូរិយោដី និងសំណង់ ភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងដើម្បីសុំព័ត៌មានពីការចេញបណ្ណរឹងលើដីផ្ទៃអាងទឹកនេះ តែលោកមិនបានឆ្លើយតបដូចគ្នា។ ក្នុងករណីនេះភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តដើម្បីស៉ំព័ត៌មាននេះតែលោកមិនឆ្លើយតប។ ហើយលោក ឌឹម ប៉ូរ៉ា អភិបាលរងខេត្ត និង ជាអ្នកនាំពាក្យខេត្តកណ្តាល លោកបានប្រាប់ថា លោលមិនទាន់បានដឹងទេចំពោះករណីខាងលើនេះ ហើយលោកនឹងស្រាវជ្រាវលើករណីនេះ។
តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលសិទ្ធធ្វើការអនុប្រយោគលើផ្ទៃអាងទឹកផ្លូវទូកនេះ គឺមិនមែនក្រុមហ៊ុន ឃុន សៀ នោះទេ គឺជាក្រុមហ៊ុន ភីធី ម៉ូរាល់ គ្រុប ឯក ដែលទទួលសិទ្ធអនុប្រយោគពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០២២ មកម្លេះ។
ចំពោះ សជណ ដែលក្រុមហ៊ុន ភីធី ម៉ូរាល់ គ្រុប ឯក បានទទួល សិទ្ធិនេះ ភ្នាក់ងារអង្គភាពយើងមិនទាន់បានដឹងថា ក្នុង សជណ នោះមានខ្លឹមសារយ៉ាងណានោះទេ ហើយមិនទាន់ដឹងថាក្រុមហ៊ុនត្រូវដោះស្រាយផលប៉ះជាមួយប្រជាពលរដ្ឋយ៉ាងណានោះទេ ហើយមិនទាន់ដឹងថាបន្ទាប់ពីគ្មានអាងទឹកផ្លូវទូកនេះធ្វើឲ្យប៉ះពាល់កម្រឹតណាចំពោះប្រជាកសិករដែលត្រូវការទឹកធ្វើស្រែដែលឬយ៉ាណានោះទេ។ ចំពោះករណីនេះនៅថ្ងៃទីទី២ ខែមីនា ឆ្នាំ២០២៥ នេះ ភ្នាក់ងាររបស់យើងមិនអាចសុំការបំភ្លឺបានទេពីតំណាងក្រុមហ៊ុន ភីធី ម៉ូរាល់ គ្រុប ឯក ហើយភ្នាក់ងារសារព័ត៌មានរបស់យើង នឹង រងចាំងការពន្យល់លឺពីភាគីពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ៕