អាមេរិក៖ ពលរដ្ឋអាមេរិកប្រមាណ៥ម៉ឺននាក់ត្រូវបានអាជ្ញាធរអំពាវនាវឲ្យចាកចេញពីលំនៅដ្ឋានជាបន្ទាន់ក្រោយពីភ្លើងបានឆាបឆេះព្រៃជាសារថ្មីម្តងទៀតនៅភាគខាងជើងនៃទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា។ អាជ្ញាធរក្នុងតំបន់បានអះអាងថាភ្លើងឆេះព្រៃថ្មីកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងរាលដាលលឿនបំផុតនៅភាគខាងជើងដែលបានបំផ្លាញព្រៃអស់ជាច្រើនហិកតា។
បើតាមអាជ្ញាធរអាមេរិកភ្លើងបានផ្តើមឆាបឆេះក្នុងតំបន់ដីទួលក្បែរបឹង Castaic កាលពីថ្ងៃពុធទី២២ ខែមករា និងបំផ្លាញផ្ទៃដីដល់ជាង២៣០០ហិកតា ត្រឹមប៉ុន្មានម៉ោងភ្លើងរីករាលដាលខ្លាំងលឿនដោយសារតែកម្លាំងខ្យល់ និងអាកាសធាតុ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះមានមនុស្សប្រមាណ ២៨នាក់បានស្លាប់ដោយសារតែភ្លើងឆេះ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការបំផ្លិចបំផ្លាញ និងបានលេបត្របាក់ផ្ទៃដីជាង១ម៉ឺនហិកតាឯនោះ។
ជាការឆ្លើយតបអាមេរិកបានបញ្ជូនអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់ទីតាំងដែលបានឆាបឆេះ។ រីឯមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយនោះទេ៕