ព័ត៌មានជាតិ

សន្និសីទលើកទី២0 របស់សមាគមគិលានុបដ្ឋាក ឯកទេសសន្តំ ប្រពោធនកម្មកម្ពុជា ក្រោមប្រធានបទ «ប្រសិទ្ធភាព និងសុវត្ថិភាព នៃការដាក់ថ្នាំសន្តំ និងប្រពោធនកម្ម»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទលើកទី២0 របស់សមាគមគិលានុបដ្ឋាក ឯកទេសសន្តំ ប្រពោធនកម្មកម្ពុជា ក្រោមប្រធានបទ «ប្រសិទ្ធភាព និងសុវត្ថិភាព នៃការដាក់ថ្នាំសន្តំ និងប្រពោធនកម្ម» នៅរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ថា មុខជំនាញ សន្តំនិងប្រពោធនកម្មនេះមានសារសំខាន់ និងតំរូវការខ្ពស់នៅគ្រប់មន្ទីរពេទ្យនានា ដូច្នេះការបណ្តុះបណ្តាលក្នុងសាលា និងក្នុងពេលបំពេញការងារ គឺត្រូវតែមានការខិតខំបំពេញបន្ថែមសមត្ថភាព ចំណេះដឹង អោយសំរេចបានលទ្ធផលល្អ ទាំងបរិមាណ និងគុណភាព រួមទាំងចំណេះដឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសាមគ្គីភាព ដើម្បីចូលរួមក្នុងការបំរើសេវាវះកាត់ និងសង្គ្រោះព្យបាលជំងឺធ្ងន់គ្រប់ប្រភេទអោយមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងរួមចំណែកកាត់បន្ថយអត្រាមរណៈភាពអ្នកជំងឺអោយនៅទាបបំផុត។

ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអ្នកជំនាញឯកទេសដែលបានបញ្ចប់ការសិក្សា ជាបន្តបន្ទាប់ ត្រូវយកចិត្តទុកដាក់រួមសហការគ្នា រវាងឯកទេសពាក់ពាន់នានាដើម្បីផ្តល់សេវា វះកាត់និងជួយសង្គ្រោះអ្នកជំងឺធ្ងន់ទាំងឡាយអោយបានលទ្ធផលល្អប្រសើរ និងចៀសផុតពីផលលំបាកឬគ្រោះថ្នាក់ទាំងឡាយ។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ បានបញ្ជាក់ជូនអង្គពិធីថា ប្រធានបទសន្និសីទដែលលើកឡើង នេះ ពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់ពិសេស គោលការអាទិភាពចំនួនប្រាំបួនដែលដាក់ចេញដោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលនាពេលកន្លងមក។លោកសាស្ត្រាចារ្យសង្ឃឹមថា សមាជិក សមាជិកា នៃអង្គសន្និសីទទាំងអស់នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់និងសង្គ្រោះជំងឺធ្ងន់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត៕

Leave a Reply

Your email address will not be published.