ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល និងឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យការប្រលង និងចូលរួមបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២២–២០២៣ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ។
ក្នុងឱកាសនោះ លោកស្រី ហ៊ុន កុសនី បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។
លោកស្រី ក៏បានជូនពរ ដល់សិស្សានុសិស្សទាំងអស់ សូមទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀតផងដែរ៕