ខេត្តបន្ទាយមានជ័យ៖ករណីឃាតកម្មទៅលើជនជាតិចិនម្នាក់ បណ្ដាលអោយស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រូលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន
១.ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ជនសង្ស័យទាំង២នាក់ខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងចាប់យក
១.កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។
២.កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។នៅតួរខ្លួនជនរងគ្រោះមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ។នៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី៕