ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរការងារ និងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ដោយប្រធានមន្ទីរចាស់លោក រស់ សារុំ ត្រូវចូលនិវត្តន៍ ជំនួសដោយលោក នួន ស៊ីណា។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តយើង មានសហគ្រាសគ្រឹះស្ថានសរុបចំនួន ២៨៨សហគ្រាសគ្រឹះស្ថានក្នុងនោះកម្មករនិយោជិតសរុបចំនួន ២៦៥៦០នាក់ស្រីចំនួន ១៥២៩៩នាក់ ហើយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤គឺ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសអូនាង តំបន់សេដ្ឋកិច្ចពិសេសRoyal Group ប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសលីអ៊ុតនីមិនដំណើរការ និងសួនឧស្សាហកម្មចំនួនមួយ នៅក្រុងសិរីសោភ័ណ គឺសួនឧស្សាហកម្មស៊ីសុផុនអ៊ិនដាសស្ទ្រៀលផាក សរុបចំនួន១៥ រោងចក្រមានកម្មករ និយោជិតសរុបចំនួន ៩៣២៧នាក់ស្រីចំនួន ៦១៩២នាក់ ។ដោយឡែក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរដ្ឋបាលខេត្ត និងមន្ទីរការងារបានគ្រោងនឹងសាងសង់អគារបណ្តុះបណ្តាលក្នុងបរិវេណវិទ្យាស្ថានពហុ បច្ចេកទេសខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តោតសំខាន់លើជំនាញគោលចំនួន ៥រួមមានវិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល និងវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ។
ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការតែងតាំងប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរនាពេលនេះ គឺជាការធម្មតាដោយប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍ហើយ ក៏សុំធ្វើការកោតសរសើរដោយស្មោះចំពោះលោក រស់ សារុំ ដែលជាអតីតប្រធាន រយៈកាលកន្លងមកលោកបានខិតខំប្រឹងប្រែងដឹកនាំអង្គភាពទទួលបានព្រឹត្តិការណ៍ជោគជ័យ។
ជាមួយគ្នានោះដែរឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើ ដល់លោកប្រធានមន្ទីរ អនុប្រធានថ្មីដែលត្រូវបានចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃនេះ សុំឲ្យមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គ្មានការរំលោភបំពានអំណាចទៅវិញទៅមក និងជាប្រធានត្រូវមានការពិគ្រោះយោបល់រវាងថ្នាក់ក្រោម ចេះជួយទុក្ខធុរៈគ្នាជាពិសេសត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំគឺជា ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់។ជាប្រធានត្រូវចិត្តទូលាយអត់ធ្មត់ឲ្យបាននូវការងារតូចទើបសម្រេចបានការងារធំ ពិសេសជាងនេះទៅទៀតសូមផ្ដល់នូវសេវាឲ្យបានល្អជូនបងប្អូនកម្មករនិយោជិតធ្វើការនៅតាមរោងចក្រនានានៅក្នុងខេត្តបន្ទាយមានជ័យ ៕