ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកនូវវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ។

 

លោក ឈូ ប៊ុនរឿង ដែលជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថាការប្រឡងមធ្យមសិក្សាទុតិយភូមិខេត្តបន្ទាយមានជ័យ នាឆ្នាំ២០២២សរុបមានចំនួន៧មណ្ឌលប្រឡង ចំនួន២៣៣បន្ទប់ បេក្ខជនចុះឈ្មោះសុំប្រឡងមានចំនួន ៥៨០២នាក់ ស្រីចំនួន ៣១៧៦នាក់ ។ ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះផងដែរ សង្កេតឃើញមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានចូលរួមសហការរក្សានូវសមត្ថភាពគ្រប់មណ្ឌល ប្រឡងទាំង៧មណ្ឌល និងត្រូវបានបិទអាជីវកម្មថតចម្លង អាជីវកម្មអ៊ីនធឺណិតរយៈពេលបីថ្ងៃព្រមទាំង បានទប់ស្កាត់ ការឡើងថ្លៃបន្ទប់ របស់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ពេលស្នាក់នៅក្នុងកំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ដែលមេរោគនេះពុំទាន់ទៅណាឆ្ងាយ ពីយើងនោះទេសូមប្អូនប្អូនសិស្សានុសិស្សទាំងអស់ មានការប្រុងប្រយ័ត្នដូចជាពាក់ម៉ាស អង្គុយរក្សាគម្លាត ជាដើម ។ហើយក្នុងការប្រឡងនេះទៀតសោតក៏មានការយកចិត្តទុកដាក់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់ មេប្រយោគ ព្រមទាំងមន្ត្រី ឃ្លាំមើល ធ្វើយ៉ាងណាឲ្យការប្រឡងនាពេលនេះ មានសុក្រឹតភាពយុត្តិធម៌ និយាយរួមទៅ គឺអ្នកចេះគឺប្រឡងជាប់ ។ចុងក្រោយឯកឧត្តមអភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងព្រមទាំងជូនពរដល់កូនក្មួយទាំងអស់បានប្រឡងជាប់គ្រប់ៗគ្នាផងដែរ៕

Leave a Reply

Your email address will not be published.