ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី–ប៉ាស៊ីហ្វិកឆ្លើយតប នឹងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា បានប្រារព្វធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៥០នាក់ មកពី ៥ស្រុក ក្រុង ក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ។
ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខា ក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលាយនូវសារលិខិតលើកកម្ពស់កិត្តិនាម និងគាំទ្រការបំពេញភារកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវបានអញ្ជើញអ្នកផ្ទុកមេរោគអេដស៍ អ្នកស្ម័គ្រចិត្ត និងយុវជន មកចូលរួមត្រងត្រាប់ស្តាប់សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលអានដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ។
ក្នុងពិធីនេះក៏មានចែកជាអំណោយផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ទាំង ២៥០ គ្រួសារក្នុង ១គ្រួសាទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ក្រណាត់ ៥បន្ទះ ជែល ១ ដប និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕