ព័ត៌មានជាតិ

ស្ងាត់ៗ!!! ក្រុមហ៊ុន ​ភីអិនធី(PNT) កំពុងពង្រាយកម្លាំងប្រ​មូលទិញឈើ​ខុសច្បាប់ នៅក្នុងតំបន់​ស្នូលព្រៃឡង់ ក្នុងស្រុករវៀង យ៉ាងគគ្រឹកគគ្រេ​ងដើម្បីបម្លែងទៅជាឈើមានច្បាប់!!!

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីរា​យការណ៍ពីសមាគមន៍ព្រៃឡង់មកថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២​២នេះ ក្រុមហ៊ុន (ភីអិនធី PNT) កំពុង​ដាក់កម្លាំ​ងពង្រាយឈរចាំប្រមូ​លទិញ ផលអនុផលព្រៃឈើ នៅស្រុករវៀង ក្នុងតំបន់​ស្នូលព្រៃឡង់ ដោយប្រើមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ តាមគោ​យន្តកន្ត្រៃ រាប់សិបគ្រឿង រួចដឹកឆ្ពោះ​ចូលទៅក្រុមហ៊ុនរបស់ខ្លួនដើម្បីបម្លែងទៅជាឈើស្របច្បាប់ ដើម្បីបំភាន់ភ្នែកមហាជន និង ថ្នាក់ដឹកនាំ។

ប្រភពបន្តថា៖ ក្រុមហ៊ុន (ភីអិនធី PNT co.Ltd ) បាននឹងកំពុងដា​ក់កម្លាំងកម្មករជាច្រើនក្រុម អោ​យចូល​ទៅកាប់ផលអនុផលព្រៃឈើយ៉ាងសកម្ម ក្នុងតំបន់ស្នូលនៃព្រៃឡង់ ក្នុងស្រុករវៀង ខេត្ដ​ព្រះវិហារ។ ហើយទីតាំង​ដែលក្រុម​កម្មករ របស់ក្រុមហ៊ុនចូលទៅកាប់ឈើ រំលំផ្តួល អាជ្រៀក មានច្រើនគោលដៅ គឺមាននៅចំណុចបុស្សរាំង.ក្បា​លដំរី.ស្រែកណ្តាល​.អូរអាចម៍ដែក.ភូមិចា​ស់.ភ្នំចោត.ប្រាសា​ទគោល.ព្រៃស្រឡៅ និងស្រែតាង៉ុត។ ក្រោយកាប់រំលំផ្តួល អាជ្រៀក ឈើទាំ​ងនោះ ត្រូវ​បានក្រុមហ៊ុន ភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទាន របស់ខ្លួន ដើម្បីអោយឈើ​ទាំងនោះ ក្លាយជាឈើស្របច្បាប់។

ប្រភពបន្ថែមថា តាំងពីក្រុមហ៊ុន ភីអិនធី ធ្វើសកម្មភាពដឹ​កជញ្ជូនឈើឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ចូលទៅក្រុមហ៊ុ​ននោះ ពីរសប្ដាហ៍ជាងមកហើយដែរ តែពុំឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំការនៅ​ទីនោះ ធ្វើការទប់ស្កាត់ និងបង្ក្រាបនៅឡើយទេ សង្ស័យមន្ត្រីជំនាញពាក់ព័ន្ធ រដ្ឋបាល​ព្រៃឈើ ជាអ្នកបើកភ្លើងខៀវអោយហើយមើលទៅ ទើបក្រុមហ៊ុននេះ អាចដឹកជញ្ជូន​ឈើយ៉ាង​គគ្រឹក បានដោយរលូនដូច្នេះ។ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ រួមនិង សមាគម ព្រៃឡង់ បាននាំ​គ្នារិះគន់ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធ ខាងបង្ក្រាបផលអនុផលព្រៃឈើ នៅស្រុករវៀង យ៉ាង​ចាស់ដៃថា តើអស់លោក ទៅណាអស់ហើយ ទើបបណ្តែតបណ្ដោយ អោយក្រុមហ៊ុន ( ភីអិនធី PNT ) សម្រុកទិញនិងដឹកជញ្ជូនឈើយ៉ាងសកម្ម តាម គោយន្តកន្ត្រៃ រាប់សិបគ្រឿង ជារៀងរាល់ថៃ្ងយប់ ដឹកទៅចូលក្រុមហ៊ុម នោះ ដោយជោគជ័យ បែបនេះទៅវិញ? ឬមួយក៏អស់លោក បានទទួលលា​ភសក្ការៈពីក្រុមហ៊ុន ( ភីអិនធី PNT ) ជាថ្នូរមិនបង្ក្រាប។

ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម គីម រឹទ្ធី ដែលទើបឡើងជាអភិបាលខេត្តព្រះវិហារថ្មី សូមមេត្តាដឹកនាំកម្លាំងទប់ស្កាត់ រាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលក្រុមហ៊ុន (ភីអិនធី PNT) មួយនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក មហាជន គ្រប់មជ្ឈដ្ឋាន និងប្រជាពល​រដ្ឋថាបាននឹងកំពុងដាក់កម្លាំង ឈរចាំប្រមូលទិញឈើ នៅស្រុករវៀង ក្នុងតំបន់ស្នូ​លព្រៃឡង់ ពីក្រុម គោយន្តកន្ត្រៃ និង អោយដឹកឈើទាំងនោះ ចូលទៅក្រុមហ៊ុនខ្លួន ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២នេះ យ៉ាងភ្លូកទឹកភ្លូកដី។

ជុំវិញករណី​នេះអង្គភាពយើងខ្ញុំនឹងរ​ង់ចាំការបកស្រាយបំភ្លឺពីសំ​ណាក់អាជ្ញាធរដែលពា​ក់ព័ន្ធ​ជាពិសេស​ក្រុមហ៊ុន ភីអិនធី រៀងរាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published.