ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆបោក នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆបោក ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការ​ឃាត់ខ្លួនករ​ណីខាងលើនេះ​ធ្វើឡើងតាមសំ​ណុំរឿងលេខ ៧៩ ចុះថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលមានដើមបណ្តឹង ឈ្មោះ ដួង វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាកា​រមូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុងប៉ោ​យប៉ែតបានឱ្យដឹងថា ក្រោយ​ពីទទួលពាក្យ​បណ្ដឹងលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ ទុយ ម៉េងលី ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណីឆបោក ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុ​ចភូមិមិត្ត​ភាព សង្កាត់/ក្រុងប៉ោយប៉ែត ហើយ​នាំមកមូល​ដ្ឋានក​​ងរាជ​អាវុធហ​ត្ថក្រុង​ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បានធ្វើរបាយកា​រណ៍សុំបើកការ​ស៊ើបអង្កេត​បឋម ជូន​លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូត​ដល់​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័​យព្រហ្មទណ្ឌ​ បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្ត ធ្វើរបា​យការណ៍សុំបើ​កការស៊ើបអង្កេតប​ឋមទៅអយ្យ​ការអមសាលាដំបូង​ខេត្តបន្ទាយមាន​ជ័យផ​ងដែរ នៅថ្ងៃទី១​៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទ​ណ្ឌក៏បានទទួលដី​កាសម្រេចឱ្យបើ​កការស៊ើប​អង្កេ​តបឋម​លេខ១៣៦១ អយ.​ក ចុះថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការ​អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្រោយ​ពីទទួល​បានដីកាស​ម្រេចឱ្យបើ​កការស៊ើបអង្កេតបឋម មន្ត្រីនគ​របាល​យុត្តិធម៌ក្រុង​ប៉ោយប៉ែតបានកោះ​ហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូល​មកបំភ្លឺនៅវេ​លាម៉ោង​១៤និង០​០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​សាម៉ីខ្លួនបា​នផ្តិត​មេដៃទទួល​ តែពុំ​បានចូល​មកបំភ្លឺនៅកន្លែងស​មត្ថកិច្ចនោះ​ទេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ ឈ្មោះ ទុយ ​ម៉េងលី បានមកដាក់ពា​ក្យសុំពន្យា​ពេល សាក​សួរនៅមូ​លដា្ឋន​កងរាជ​អាវុធហ​ត្ថក្រុងប៉ោយប៉ែត។នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនគរបា​លយុត្តិធម៌ក្រុ​ងប៉ោយប៉ែតបា​នកោះ​ហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូល​មកបំភ្លឺជា​លើកទី២ ដោយប្រពន្ធរបស់ឈ្មោះ ទុយ ​ម៉េងលី ជាអ្នកផ្តិត​មេដៃទទួលជំនួស ​ប៉ុន្តែឈ្មោះ ទុយ ម៉េងលី ពុំបានចូលម​កបំភ្លឺតាមការ​កោះហៅរបស់​សមត្ថកិច្ចនោះ​ដែរ បន្ទាប់ម​កនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័​យព្រហ្មទ​ណ្ឌ បានធ្វើរបាយកា​រណ៍រាយ​ការណ៍ទៅតំណា​ងអយ្យការអមសាលាដំបូងខេត្ត ចំពោះឈ្មោះ ទុយ ម៉េងលី មិនគោ​រពតាមការ​កោះហៅរ​បស់មន្ត្រីនគរ​បាលយត្តិធម៌ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ការិយា​ល័យព្រហ្មទណ្ឌ ទទួល​បានដីកាបញ្ជាឱ្យចូលខ្លួន ​លេខ ០៩ អយ.បជ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០​២២ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរា​ជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំ​ងមូលដ្ឋានក​ងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត​ឈានដល់កា​រនាំខ្លួនឈ្មោះ ទុយ ម៉េងលី នៅវេលា​ម៉ោង១១ និង០០នា​ទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ​នៅចំណុចភោជនីយដ្ឋានមាតុភូមិ ស្ថិតក្នុងភូមិគី​ឡូម៉ែត្រ៤ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ហើយនាំម​កកាន់មូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយប៉ែ​ត ដើម្បីចា​ត់ការតាមនីតិវិធីតែម្តង។

ក្រោយ​ការឃាត់ខ្លួន និងសួចម្លើ​យជនសង្ស័យ សារភាពថា រូបខ្លួនពិ​តជាបានលក់ដី និងផ្ទះផ្តាច់ ទៅឱ្យឈ្មោះ ដួង វណ្ណា ពិតប្រាកដ​មែន ហើយបន្ទា​ប់មកទៀតរូបខ្លួនបានយកដី និងផ្ទះដដែ​លនោះ​លក់ទៅឱ្យ​ឈ្មោះស៊ុ វីរៈ បន្តទៀតពិ​តប្រាកដមែន។ ដោយយោងតាមពាក្យបណ្ដឹង និងផ្អែក​តាមចម្លើ​យសារភាព របស់ជន​សង្ស័យឈ្មោះ ទុយ ម៉េងលី ទើបកម្លាំងជំ​នាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែតកសាងសំ​ណុំរឿងបញ្ជូនម​កបញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យឈ្មោះ ទុយ ម៉េងលី ត្រូវបា​នកម្លាំងកា​រិយាល័យព្រហ្ម​ទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.