ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ …

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍ រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣ ៥», «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ព្រមទាំងបានបង្កើតគណៈកម្មាធិការ បច្ចេកទេសចំនួន ៣ ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលរួមមាន៖ (១) គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីល, (២) គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង (៣) គណៈកម្មាធិការ សន្តិសុខឌីជីថល។ ក្របខ័ណ្ឌគោលនយោបាយនេះជាផែនទីចង្អុលផ្លូវមួយ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសមុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ។ សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ អត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ ។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និង យានយន្ត ជាដើម ។ ក្នុងនោះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX)
ដែលជាថ្នាលគន្លឹះមួយ ត្រូវបាននិងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ទទួលបានជ័យលាភីអន្តរជាតិក្នុង កម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Award) ក្នុងឆ្នាំ ២០២២ ផងដែរ ។ លើសពីនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ថ្នាលឌីជីថលគន្លឹះ និងកម្មវិធីឌីជីថល សម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទី គន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ។ មួយវិញទៀត ក្នុងក្របខ័ណ្ឌតំបន់ និងសកល, រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅ អភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រ ឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ, កម្ពុជា បាន និងកំពុងចូលរួមជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែល រំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ ។

នៅក្នុងពិធីនោះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួច ចំនួន៤ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ ២. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃ ព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣. អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ៤. អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) ៕

Leave a Reply

Your email address will not be published.