ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ ស្ថិតនៅក្នុងភូមិវាលមាស, ភូមិបឹងវែង និងភូមិវាលធំ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម បណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤)និងអមដំណើរដោយសមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ប្រេងឆា ១ដប, ថ្នាំពេទ្យ ១កញ្ចប់, រួមទាំងថវិកាចំនួន ៥៤,០០០រៀលផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក ដោយក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤)ដែលជានិច្ចកាលឯកឧត្តមបណ្ឌិត តែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត តាំង សំណាង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានអំណោយនាពេលនេះ ត្រូវតស៊ូ អត់ធ្មត់ ព្យាយាមមិនថាជួបទុក្ខលំបាកយ៉ាងណានោះទេ ហើយម្យ៉ាងវិញទៀតទោះបីជាអំណោយនាពេលនេះ មានចំនួនតិចតួចមិនគ្រប់តាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែវាអាចជួយសម្រាលទុកលំបាកបានមួយគ្រាផងដែរ ៕