ព័ត៌មានជាតិ

«ក្រសួងបរិស្ថាន និងក្រសួ​ងវប្បធម៌​ និងវិចិត្រសិល្បៈ បានរ​កឃើញ​តំបន់ការ​ពារធម្មជាតិ​ចំនួន២៧​កន្លែង ដែល​មានទីតាំ​ង​បេតិកភណ្ឌ​វប្បធម៌ នៃតំបន់​ការពារធម្មជា​តិទាំង៧៣កន្លែង»

នេះជាការផ្សព្វផ្សាយនៅក្នុងពិធី«ផ្សព្វផ្សាយ​ផែនទីកំណត់ទីតាំងបេតិកភណ្ឌវ​ប្បធម៌ដែលស្ថិ​តក្នុង​តំប​ន់ការ​ពារធម្មជាតិ»ក្រោម​អធិបតីភាព​ លោកជំ​ទាវបណ្ឌិត​សភាចារ្យ ភឿង​ សក្ខណា រដ្ឋ​មន្រ្តីក្រសួងវ​ប្បធម៌ និ​ងសិល្បៈ ​និង ឯកឧត្តម ​សាយ សំអាល់ រ​ដ្ឋមន្រ្តីក្រសួង បរិ​ស្ថាន នៅ​ព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២​៣ នាទីស្តីការក្រសួងបរិស្ថាន ។

ថ្លែងទៅកា​ន់អង្គពិធី លោកជំទាវ​បណ្ឌិតស​ភាចារ្យ ភឿង ​សក្ខណា រដ្ឋមន្រ្តីក្រ​សួងវប្បធម៌ និងសិ​ល្បៈ បានមានប្រសា​សន៍ថ្លែងអំ​ណរគុណ និង​កោតសរសើរ​ចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់ក្រុ​ម​ការងារក្រសួងទាំង២ ក្នុងគោលបំណង​ ចូលរួមថែរក្សា ការពារ និ​ងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំង​ស្ថិតក្នុងតំបន់កា​រពារធម្មជាតិ និងជាតឹ​កតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃ​ណី​ទំ​នៀមទំលាប់សាសនា និងព្រលឹងដូ​នតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។តាម​រយៈការគូសបញ្ជាក់ពី​លោក សេង សោត អគ្គនាយក​រងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងជាតំណាង​អោយក្រុមការងារ​សមិទ្ធិផលដ៏ត្រចះត្រចង់​ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែ​រក្សាការពារ និងអភិរក្សធន​ធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញ​ជារូបរាងបាននាពេ​លនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើម ប្រក​បដោយចក្ខុវិស័យវែងឆ្ងាយ និងការ​ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ច​សហការល្អ​ពីក្រុមការ​ងារនៃក្រ​សួងវប្ប​ធម៌ និងវិចិត្រសិល្បៈ ​ដែលបានធ្វើការ​យ៉ាងជិតស្និតជា​មួយគ្នា ប្រ​កបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផ​លប្រយោជ​ន៍ជាតិជាធំ។ជាលទ្ធផល នៅក្នុង​ចំណោម​តំបន់ការពារធ​ម្មជាតិទាំង៧៣​កន្លែង ក្រុមការងារបានរកឃើញតំ​បន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំ​ងបេតិកភណ្ឌ​វប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់​ការពារទេ​សភាពសម្បូរព្រៃគុក ដែលមានព្រះ​រាជក្រឹត្យនិង​មានអង្គភាព​គ្រប់គ្រងដោ​យឡែករួចទៅ​ហើយ។ ​សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាម​តំបន់ការពារធ​ម្មជាតិមួយចំនួន ដូចបា​នគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀ​បជាមួយទិន្នន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (EcoleFrancaise Extreme- Orient)។ ជាក់ស្តែងក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម«ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។

គួរបញ្ជាក់ថា នៅអាណត្តិទីមួយនៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើត​តំបន់ការ​ពារធម្មជាតិចំនួន២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមា​នន័យថា ព្រះរាជាណាចក្រកម្ពុជាទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារ​ជាឧទ្យានជាតិតាំ​ងពីឆ្នាំ១៩២៥មក​ម៉្លេះដែលជាតំបន់កា​រពារធម្មជាតិទី១នៅ​កម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអាគ្នេយ៍ ៕

Leave a Reply

Your email address will not be published.