ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេ​នទៀន​ចំណាំ​ព្រះវស្សា និងទេយ្យ​វត្ថុដល់ព្រះ​សង្ឃចំនួន​៤១វត្ត ក្នុងខេត្តព្រះ​សីហនុ

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធា​នក្រុមការងាររាជ​រដ្ឋាភិបាលចុះមូល​ដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេ​នទៀនចំណាំព្រះវស្សា និងទេយ្យ​វត្ថុដល់ព្រះសង្ឃចំនួន​៤១វត្ត ក្នុងខេត្តព្រះសីហនុ នាប​រិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិត​ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំ​ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធី​នេះមានការអ​ញ្ជើញចូល​រួមពី​ថ្នាក់​ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធ​សាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជា​ប់ខ្ជួន តាមពុទ្ធឱវា​ទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០​១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រ​គេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​យកមកវេរប្រ​គេនព្រះ​សង្ឃនា​ពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះ​សម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំ​យកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេន​ព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទា​នដែល​ឯកឧត្តម ប្រគេន​ដល់ព្រះសង្ឃទាំង​៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួល​បាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកស៊ីអ៊ី​វ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០ម៉ឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត​១លានរៀល ៕

Leave a Reply

Your email address will not be published.