ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងខេត្ត នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដង្ហែរប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត ចំនួន ១១ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទៀនព្រះវស្សា និងទេយ្យទាន យកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរព តាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារយៈពេល៣ខែនៅទីវត្តអារាម ដែលក្នុងរយៈពេលនេះព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
ឯកឧត្តមបានបន្តថា ក្នុងឱកាសដែលព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា រៀនសូត្រ នូវ ធម៌វិន័យ របស់ព្រះ សម្មាសាម្ពុទ្ធ ដោយប្រើប្រាស់ទានព្រះវស្សាទៅដុតបំភ្លឺ បូជាថ្វាយដល់គុណព្រះរតនត្រ័យផងដែរ។
ទានព្រះវស្សា និងទេយ្យទានដែលវត្តទាំង១១ ដោយក្នុង១វត្តទទួលបានទានព្រះវស្សា១គូរ អង្ករ ១៥០ គ.ក្រ មី២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០៣កេស ទេយ្យទាន០១គួ ត្រីខកំប៉ុង ០១ កេស. ខ្ទឹមសរ ០៥ គ.ក្រ .ប៊ីចេង ០៥ គ.ក្រ នឹង បច្ច័យក្នុងមួយៗ វត្ត ១,៣០០,០០០រៀលផងដែរ៕