(បន្ទាយមានជ័យ)៖បុរសម្នាក់បាត់ខ្លួនអស់រយៈពេល១ថ្ងៃ ប្រទះឃើញសព នៅក្នុងបឹងរហាលសន្តូក ចំងាយប្រហែល២,៥០០ម៉ែត្រ ពីភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ម៉ៅ យិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះបើយោងតាមការបំភ្លឺរបស់ស្ត្រី ឈ្មោះ ភាន់ កេង ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានរៀបរាប់ថា៖នៅថ្ងៃទី១៩ ខែមិថុនា ម៉ោង ប្រហែល៦ព្រឹក ប្តីរបស់ខ្លួនបានទៅលើកលប លើកលាន់និងឆក់ត្រីផង នៅចំណុចបឹងសន្តូកខាងកើតភូមិប្រហែល២,៥00ម៉ែត្រ លុះដល់ម៉ោង០៥ល្ងាចមិនឃើញប្តីត្រឡប់មកផ្ទះវិញ ក៏បាននាំកូនទៅរកតែរកមិនឃើញក៏ត្រឡប់មកផ្ទះប្រាប់បងប្អូនឲ្យទៅជួយរក នៅចំណុចបឹងរហាលសន្តូក ពេលនោះក៏ស្រាប់តែឃើញទូកអណ្ដែតទឹកនៅកៀនមាត់បឹងខ្លួន និងអ្នកភូមិចុះទៅមើលស្រាប់តែឃើញអាគុយ និងម៉ូទ័រឆក់ត្រីនៅលើទូកពេលនោះខ្លួនក៏ឲ្យអ្នកភូមិចុះរាវក្រោមទូកដែលមានទឹកជំរៅប្រហែល១.៤០ម៉ែត្រ ក៏ស្រាប់តែឃើញសពប្តី ត្រូវម៉ូទ័រឆក់ត្រីឆក់ ស្លាប់ ដោយមិនដឹងពីពេលណានោះទេ ហើយក៏នាំគ្នាស្រង់សពយកមកផ្ទះទាំងក្តីក្តុកក្តួល។
លោកអធិការបានបញ្ជាក់ថា៖ ភូមិស្ទឹងកំបុត នៅដាច់ឆ្ងាយវាលប៉ែកខាងត្បូងពិបាកក្នុងការធ្វើដំណើរ លុះនៅថ្ងៃទី២០ ខែមិថុនា វេលាម៉ោងវេលាម៉ោង៩.០០ព្រឹក កំលាំងយើងបានចុះទៅដល់ផ្ទះសាកសព ដោយបានបង្កើតគណៈកម្មការ ដើម្បីធ្វើការត្រួតពិនិត្យសាកសព។សាកសព មានសភាពរឹងទាំងស្រុង សំបុរសណ្ដែកបាយ ធាត់ កំពស់175ស,ម សាកសពមានសភាពហើម ស្អុយ ។ក្នុងការពិនិត្យរបស់មន្ត្រីជំនាញឃើញថា នៅដងខ្លួនមានស្មាមជាំខ្មៅ លើស្បែកពេញដងខ្លូន តាមការបញ្ជាក់ពីម្តាយ និងប្រពន្ធ គឺស្នាមជាំខ្មៅពិតម៉ូទ័រឆក់ត្រីឆក់ ។អវយវៈ ដៃខាងស្តាំ មានស្មាមជាំខ្មៅខ្លោច ត្រង់កំភួនដៃ សង្ស័យថាជាកន្លែងដែលអាំងវៀកទ័រឆក់ត្រីឆក់ ។ការសន្និដ្ឋាន របស់គ្រូពេទ្យកោសលវិច្ច័យ គឺឈ្មោះ ម៉ៅ យិន ពិតជាស្លាប់ដោយសារម៉ូទ័រឆក់ត្រី ឆក់ខ្លួនឯង មិនពាក់ព័ន្ធរឿងឃាតកម្មនោះទេ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕