
ពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទសរារាម (ហៅវត្តដងត្រាង)
(បន្ទាយមានជ័យ)៖កុដិសាមគ្គីធម៌មួយខ្នងដែលមានទទឹង ៩ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ កម្ពស់ ១ជាន់ បានស្ថាបនារួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាចំនួន ៥៦,៤៥៨ ដុល្លារ និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត ត្រូវបានសម្ពោធឆ្លង ជាផ្លូវការនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តប្រាសាទសរារាម “ហៅវត្តដងត្រាង“ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍សង្ខេប ព្រះគ្រូសិរីមង្គល ញាណវង្ស ហួត ពិសិដ្ឋ ព្រះគ្រូចៅអធិការវត្ត ដងត្រាង បានមានសង្ឃដីកាបញ្ជាក់ថា វត្តដងត្រាង គឺជាវត្តមួយដែលក្នុងរបប ប៉ុល ពត បំផ្លាញខ្ទេចខ្ទីចោលស្ទើរគ្មានសល់ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបប្រជាពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លាសាមគ្គីគ្នា កសាងវត្តដងត្រាងនេះឡើងវិញ ដូចជានាថ្ងៃនេះបានដាក់សម្ពោធកាត់ខ្សែបូរ កុដិសាមគ្គីធម៌នេះ សម្រាប់ព្រះសង្ឃ គង់។ ព្រះតេជគុណក៏មានសង្ឃដីកាបញ្ជាក់បន្ថែមជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថា វត្តដងត្រាងនៅជំពាក់សម្ភារៈ គ្រឿងសំណង់ចំនួន ២ ម៉ឺនដុល្លារទៀត។
នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានសម្ដែងនូវក្ដីមោទនភាពទទួលអំណរសាទរ ចំពោះលទ្ធផលជាផ្លែផ្កាដ៏សមស្រប ដែលព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួបរួមសាមគ្គីគ្នាកសាងនូវសមិទ្ធផលនៅតាមវត្តអារាមនានា សម្រាប់ជាប្រយោជន៍សាធារណៈ ជាពិសេសនៅក្នុងវត្តប្រាសាទសរារាម បានរៀបចំពិធីសម្ពោធឆ្លងសមិទ្ធផលនានាជាផ្លូវការ ដែលសម្រេចបាននាពេលនេះ មានកុដិថ្មីដែលទើបសាងសង់ហើយនេះ និងសមិទ្ធផលនានា ទាំងអស់នេះគឺជាការបញ្ជាក់ពីការចូលរួម និងការបរិច្ចាគលះបង់របស់ថ្នាក់ដឹកនាំ ព្រះតេជគុណ សប្បុរសជន និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។
លោក លី សុវណ្ណារិទ្ធ បន្តថា វត្តអារាមគឺជាកន្លែងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីវត្តអារាម ជាកន្លែងបណ្ដុះនូវធនធានមនុស្ស ដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌និងប្រកបដោយមនសិការជាតិ ចៀសវាងនូវអំពើអកុសល នឹងធ្វើតែអំពើជាកុសល។ចុងបញ្ចប់គណធិបតី ក៏បានប្រគេនថវិកាចំនួន ២ លានរៀលដល់ព្រះចៅអធិការ សម្រាប់កម្មវិធីបុណ្យឆ្លងនិងបានបំពាក់គ្រឿង ឥស្សរិយស មេដាយដល់សប្បុរសជន និងបណ្ណ័សរសើរដល់លោកតា លោកយាយផងដែរ៕