
បុរសម្នាក់ កន្លះខែមុននិយាយប្រាប់ម្តាយថា បានឃើញឥសីហៅទៅនៅជាមួយ កន្លះខែក្រោយចង កស្លាប់
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅនឹងដើមព្រីង ត្រង់ចំណុចជិតលូតាមែន ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ពាក់ព័ន្ធករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនមានឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មកស្នាក់នៅធ្វើការក្នុងរោងម៉ាស៊ីនកិនស្រូវរបស់ឈ្មោះ ហាប់ វិបុល ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖តាមការបំភ្លឺរបស់ឈ្មោះគីម ស៊ីណាត ភេទប្រុស អាយុ ៣៥ឆ្នាំជាអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា ប្រហែលកន្លះខែមុន ខ្លួនបានឮជនរងគ្រោះនិយាយទូរស័ព្ទជាមួយម្ដាយរបស់គាត់ថា គាត់បានឃើញឥសីមកហៅគាត់ឲ្យទៅនៅជាមួយ ហើយគាត់បាននិយាយប្រាប់ម្តាយទៀតថា គាត់ចង់ទៅបួស(សង្ស័យជនរងគ្រោះអាចមានបញ្ហាសរសៃប្រាសាទ) រហូតមកដល់ថ្ងៃខែ វេលាខាងលើ ទើបមានសមត្ថកិច្ចមកប្រាប់ថា ឃើញឈ្មោះមឿន សំណាង បានចង.ក សម្លាប់ខ្លួនឯងនៅហ្នឹងដើមព្រីងហើយខ្លួនបានទៅមើលគាត់បានស្លាប់បាត់ហើយ។
នគរបាលបានបញ្ជាក់បន្ថែមថា៖ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសពដែលមានសមាសភាព នគរបាលជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរប្រាសាទ បុគ្គលិកមណ្ឌលសុខភាពឃុំអូរប្រាសាទ អាជ្ញាធរឃុំ ភូមិ ។ ឆ្លងតាមការត្រួតពិនិត្យឃើញថា ឈ្មោះមឿន សំណាង ពិតជាស្លាប់ដោយធ្វើអត្តឃាត ចង សម្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕