(ព្រៃវែង)៖ថ្លែងក្នុងឱកាសអញ្ជើញចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការបង្កើនការទប់ស្កាត់ នៃជំងឺគ្រុនឈាមដល់បងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ឲ្យគាត់យល់ដឹងកាន់តែច្បាស់ អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា ដើម្បីបង្កាទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុងរបស់របរសម្ភារៈដែលអាចដក់ទឹកបាន ត្រូវកប់ចោល ឬដុតចោលអោយអស់ ត្រូវដាក់ថ្នាំអាបេតនៅក្នុងពាងទឹក ឬដាក់ត្រី ៧ ពណ៌ ដែលជាប្រភពនៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសំបកក៏កំប៉ុងនោះ ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោះសម្អាតឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញចូលល្អ ដើម្បីកុំឲ្យមានមូសខ្លាខាំ នៅពេលយើងសម្រាកនៅពេលថ្ងៃ និងត្រូវគេងនៅក្នុងមុង ឬកមុងជ្រលក់ថ្នាំអោយបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈមូសផងដែរ។
ជាមួយគ្នានោះដែរលោក រស់ចាន់ ណាវុឌ្ឍ ប្រធានការិ.កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាមខេត្តព្រៃវែង បានលើកឡើងថា មកដល់ត្រឹមពេលនេះក្នុងឆ្នាំ២០២២ នេះគឺមានអ្នកកើតនៅជំងឺគ្រុនឈាមមានតែ៥ករណីតែប៉ុណ្ណោះ ហើយក៏បានព្យាបាលជាសះស្បើយហើយដែរ។លោកបន្តថា កត្តាដែលកើតនូវជំងឺគ្រុនឈាមគឺមកពីមូសខ្លាញីដែលជាប្រភពនៃការចម្លងជំងឺគ្រុនឈាមដែលធ្វើឱ្យមានកើតនូវជំងឺនេះមកលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាមួយទៀតនោះគឺបណ្ដាលមកពីមានព្រៃច្រើននៅជុំវិញផ្ទះ, ផ្ទះបិទជិតមិនមានពន្លឺចេញចូលល្អ ,មានថ្លុក, សំបកកំប៉ុង ,កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ រោគសញ្ញាជម្ងឺគ្រុនឈាម មាន ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី ២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែកឬឈឺក្បាល និងឈឺខ្លួនប្រាណជាដើម ៕