
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន–អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ–មេបញ្ជាការរងមូលដ្ឋានក្រុង–ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងាររបស់កងរាជអាវុធហត្ថ សម្រេចបាននៅក្នុងឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងកោតសរសើរចំពោះកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ដើម្បីប្រសិទ្ធភាពការងាររបស់កងរាជអាវុធហត្ថឱ្យកាន់តែល្អប្រសើរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវ
១–ត្រូវខិតខំយកចិត្តទុកដាក់នឹងកិច្ចការងារតាមតួនាទី–ភារកិច្ច របស់កងរាជអាវុធហត្ថ ។
២–ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិក បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស ។
៣–ត្រូវបំពេញតួនាទីជាអ្នកដឹកនាំល្អ មានសីលធម៌ល្អ សុជីវធម៌ល្អ និងប្រតិបត្តិល្អនូវវិជ្ជាជីវៈ ក្នុងជួរកងរាជអាវុធហត្ថ ។
៤–ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរនៅមូលដ្ឋាន និងនៅគ្រប់លំដាប់ថ្នាក់។
៥–ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសមត្ថកិច្ចឈរជើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។
៦–ចូលរួមគ្រប់សកម្មភាពការងារសង្គមនៅមូលដ្ឋាន ។
៧–ត្រូវគ្រប់គ្រងឱ្យបានល្អ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ ដើម្បីធានាបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់នៅមូលដ្ឋាន ។
៨–ត្រូវចូលរួមអនុវត្តន៍ឱ្យបានល្អគោលការណ៍ភូមិ–ឃុំ មានសុវត្ថិភាព ។
៩–ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ អង្គភាព ស្ថាប័នក្នុងភូមិសាស្ត្រឈរជើង ។
១០–ត្រូវគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ ស្របតាមទិសស្លោក “នៅឱ្យប្រជាជនស្រឡាញ់ ទៅឱ្យប្រជាជនរលឹក “។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរក៏មានការបំពាក់ឋាន្តរស័កជូនអាវុធហត្ថថ្នាក់ពលបាលឯក ចំនួន៤រូប ព្រមទាំងប្រគល់ ប័ណ្ណសរសើរជូនអាវុធហត្ថដែលមានស្នារល្អដៃចំនួន ១៧រូប (ក្នុងនោះអង្គភាព ស្រុកម៉ាឡៃ ចំនួន១) និងប្រគល់លិខិត សរសើរ ចំនួន ២២ រូបផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយនូវសុន្ទរកថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅ ផែនការសកម្មភាពការងារ កងរាជអាវុធហត្ថឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាន់ទី៩ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៕