ខេត្តរតនគិរី៖ផ្ទះប្រជាពលរដ្ឋ១ខ្នង ធ្វើអំពីដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងក្តារពាក់កណ្ដាល បាំងស័ង្កសីពាក់កណ្ដាល ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពិថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ បណ្តាលខូចខាតអស់ទាំងស្រុងនេះមានទំហំទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងក្តារពាក់កណ្ដាល បាំងស័ង្កសីពាក់កណ្ដាល។ អគ្គិភ័យឆាបឆេះផ្ទះនោះ បណ្ដាលមកពីទុស្សេខ្សែភ្លើងសូឡា ហើយនិងមានសាំងនៅក្បែរនោះ ១កាន ៣០លីត្រទៀតទើបបណ្ដាលឱ្យឆាបឆេះយ៉ាងលឿនបែបនេះ ។
ប្រភពដែលបន្តថា ម្ចាស់ផ្ទះដែលឆាបឆេះនោះប្ដីឈ្មោះ ប៉ែន គួរ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានប្រពន្ធឈ្មោះ ពូ ទីសី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានកូនចំនួនពីរនាក់ក្នុងបន្ទុក ។សម្ភារៈដែលខូចខាតក្នុងហេតុការណ៍ភ្លើងផ្ទះនោះរួមមាន ផ្ទះទំហំ ៥ម៉ែត្រគុណ៧ ម៉ែត្រ ចំនួនមួយខ្នង, ស្រូវចំនួន៤០បេ, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ប្លង់ដីចំនួន០៤ប្លង់, អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក, កាតគ្រីម៉ូតូចំនួន០១សន្លឹក, ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។ក្រោយកើតហេតុកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកលំផាត់បានចុះទៅដល់បានស្រង់តួលេខ នៃការខូចខាត ដើម្បីជួយផ្គត់ផ្គង់នូវសម្ភារចំពោះមុខ។ ស្ថានភាពផ្លូវលំបាកហើយនៅឆ្ងាយដាច់ស្រយាលផងនោះ ទើបមិនអាចនាំយករថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងបាន៕