(បន្ទាយមានជ័យ)៖សិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត នៅសាលា បឋមសិក្សា ភ្នំយាយសំ (ព្រៃឬស្សី) ស្ថិតនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃជាតំបន់ដាច់ស្រយាលចំនួន១៤០នាក់ ទទួលបានអំណោយជាសម្ភារៈសិក្សា ពីលោកស្រី ស្រី លីនហេង និងលោក ឡៃ យូគង់ តាមរយៈក្រុមមិត្តអមតៈខេត្តបន្ទាយមានជ័យ រួមនឹងមានការចូលរួមពីសប្បុរសជន ក្នុងនិងក្រៅប្រទេសផងដែរ។
ការនាំយកអំណោយចែកជូនដល់សិស្សក្រីក្រ មានជីវភាពខ្វះខាតខាងលើនេះដឹកនាំដោយ កៅ រិទ្ធី និងលោក ឡៃ ប្រុស តំណាងមិត្តអមតៈ រួមនឹងក្រុមការងារ ក្នុងនោះក៏មានការចូលរួមពីអភិបាលរងស្រុកម៉ាឡៃ លោកស្រី ជុំ រស្មី រួមនឹងក្រុមការងារ លោកគ្រូ–អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល សិស្សផងដែរ។
លោក កៅ រិទ្ធី តំណាងឱ្យក្រុមមិត្តអមតៈ ក៏បានមានប្រសាសន៍ថា ៖ ដោយមើលឃើញពីភាពខ្វះខាតរបស់សិស្សានុសិស្ស ក៏ដូចជាចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងដោយការស្រលាញ់ដល់សិស្សានុសិស្ស លោកស្រី ស្រី លីនហេង និងលោក ឡៃ យូគង់ តាមរយៈលោក ឡៃ ប្រុស និងសប្បុរសជននានា បានផ្តល់នូវសម្ភារៈសិក្សាមួយចំនួនមាន ៖ កាបូប សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ដើម្បីយកមកចែកជូនដល់សិស្សចំនួន ១៤០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ភ្នំយាយសំ និងសាលាឧបសម្ពន្ធ័ ព្រៃឬស្សី សម្រាប់យកទៅប្រើប្រាស់ក្នុងការសិក្សារៀន ក្រេបយកចំណេះដឹង ក្លាយជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។
ទន្ទឹមនឹងនោះ លោក ក៏បានធ្វើការណែនាំដលក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ ស្តាប់ដំបូន្មាន ឪពុកម្តាយ លោកគ្រូ –អ្នកគ្រូ ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោកស្រី ជុំ រស្មី អភិបាលរងស្រុក ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចំណាយថវិកាក្នុងការចូលរួមចំណែកក្នុងវិស័យអប់រំ ពិសេសជួយដល់សិស្សានុសិស្ស មានជីវភាពខ្វះខាត ។ លោកស្រី ក៏បានបញ្ជាក់ថា៖ សាលាខាងលើ គឺជាសាលាមួយដែលឋិតនៅតំបន់ដាច់ស្រយាល ហើយនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តឱ្យសិស្សានុសិស្សមានទឹកចិត្តក្នុងការសិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត់។ទន្ទឹមជាមួយគ្នានោះលោកក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនមេត្តាបន្តជួយ ការផ្តល់ជាសម្ភារៈសិក្សាដល់ សាលានៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាសិស្សដែលពុំមានលទ្ធភាពសិក្សារៀនសូត្រ ដើម្បីឲ្យពួកគេ មានឱកាសក្រេបយកចំណេះដឹង ក្លាយខ្លួនធនធានមនុស្សដែលសង្គមត្រូវការ។
សូមបញ្ជាក់ផងដែរថា ៖ ជាមួយនឹងការផ្តល់សម្ភារៈជូនដល់សិស្សានុសិស្ស ទាំង១៤០នាក់ ក្រុមការងារក៏បានឧបត្ថម្ភថវិកា ជូនលោកគ្រូ–អ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល ផងដែរ៕