ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីកម្មវិធីបុណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 និងជួបសំណេះសំណាលជាមួយបងប្អូនគ្រិស្តបរិស័ទ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។
គោលបំណងនៃការរៀបចំនេះគឺបង្ហាញពីភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងសមាជិកគ្រីសបរិស័ទទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរួមចំណែកក្នុងវិស័យសង្គម ផ្នែកមនុស្សធម៌ សង្គមកិច្ច និងការអប់រំសីលធម៌ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនគ្រីស្ទបរិស័ទដើរតាមមាគ៌ាបង្ហាញផ្លូវនៃគោលលទ្ធជំនឿ និងវិស័យសាសនាគ្រីស្ទ ដែលជាតម្លៃនៃវប្បធម៌សន្តិភាព ធ្វើឲ្យបងប្អូនគ្រីស្ទបរិស័ទមានសីលធម៌ល្អ រស់នៅស្អាតស្អំប្រកបដោយសុខសន្តិភាពជាមួយសហគមន៍ សាសនារបស់ខ្លួន ក៍ដូចជាជាមួយសហគមន៍សាសនាដ៍ទៃទៀតក្នុងសង្គមជាតិ ព្រមទាំងធ្វើអោយសង្គមមានការរីកចម្រើនជឿនលឿន។ក្នុងថ្ងៃបុណ្យណូអែលនោះ ក៏មានការផ្តល់ការដូ វត្ថុអនុស្សាវរីយ៍ និងផ្តល់អំណោយក្តីស្រលាញ់ជូនគ្រួសារដែលមានជីវភាពខ្វះចំនួន ២០០គ្រួសារផងដែរ។
ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំបាទ មានក្តីសប្បាយរីករាយ ដែលបានជួបជាមួយថ្នាក់ដឹកនាំ លោកគ្រូគង្វាល និងបងប្អូនគ្រីស្ទបរិស័ទ នៃខេត្តបន្ទាយមានជ័យ ទាំងអស់ក្នុងកម្មវិធីបុណ្យណូអែល ដែលគ្រីស្ទបរិស័ទទូទាំងខេត្តបន្ទាយមានជ័យ បានរួបរួមគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក៏ដូចគ្រីស្ទបរិស័ទទូទាំងពិភពលោកតែងតែប្រារព្ធធ្វើ»។
ឯកឧត្តមអភិបាលខេត្តបន្តថា ឆ្លៀតក្នុងឧកាសនេះក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបាទផ្ទាល់ សូមពាំនាំការផ្តាំផ្ញើការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ គិតគូរ និងយកចិត្តទុកដាក់ជានិច្ចទៅលើប្រជាពលរដ្ឋ ដែលជាសាសនិកគ្រីស្ទបរិស័ទទាំងអស់ដែលកំពុងគោរព និងប្រតិបត្តិតាមជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងខេត្ត ជួបតែសេចក្តីសុខ និងព្រះប្រទានពរគ្រប់ៗគ្នា ៕