ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង ១០និង៥៣នាទី ថ្ងៃទី
១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តការបង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃម្នាក់ រួមនឹងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៩ ខែធ្នូ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់បាន រួមមាន ៖ កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម,គ្រាប់កាំភ្លើង(គ្រាប់ពិត) ចំនួន០១គ្រាប់, ដែករណាដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានពីសន្តិសុខរាយការណ៍មកថា បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន០១ដើម គ្រាប់កាំភ្លើង០១គ្រាប់ និងដែករណាបត់ចំនួន ០១ដើម ដែលជារបស់ជនសង្ស័យ(ជនជាតិថៃ) នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងអាវុធហត្ថក្រុង ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង នាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ក្រោយសួរចម្លើយ ជនសង្ស័យជាជនជាតិថៃ បានសារភាពថា វត្ថុតាង ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕