ព័ត៌មានជាតិ

លោក កង អាណាន់ អភិបាលក្រុងដូនកែវ សំណេះសំណាល និងនាំយកសម្ភារធុងចម្រោះទឹកស្អាត ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៥០០គ្រួសារ ក្នុងក្រុងដូនកែវ

ខេត្តតាកែវ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធាន​កិត្តិយ​សស​មាគមន៍អតីតយុទ្ធជន ក្រុងដូនកែវ នា​ព្រឹកថ្ងៃចន្ទ ទី១៩ ​ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញ​ជួបសំ​ណេះ​សំណាល និងនាំ​យកសម្ភារធុងចម្រោះ​ទឹកស្អាត ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន​៥០០គ្រួ​សារ ក្នុងក្រុង​ដូនកែវ ខេត្តតាកែវ ដែល​ជាអំណោ​យរបស់ក្រុមហ៊ុន (SIPCO) តាមរយៈ​សហ​ព័ន្ធនារី​ខេត្តអានយ៉ាង នៃប្រទេ​សវៀតណាម។

ពិធីនេះបានប្រារព្ធឡើងនៅបរិវេ​ណសាលាសាលាក្រុងដូនកែវ ដោយ​មា​នការអញ្ជើញចូលរួមពី​លោ​កអភិ​បាលរងក្រុង ក្រុម​ប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រ​ធាន​ការិ​យាល័យចំណុះអោយរដ្ឋបាលក្រុង ព្រមទាំង​គ្រួសារអតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន៥០​០គ្រួសារផងដែរ។

មានប្រសាសនន៍សំណេះសំ​ណាលនាឱកាសនោះ លោកអ​ភិបាលក្រុង​បានលើកឡើងថា អជ្ញាធ​រមូល​ដ្ឋាន ក៏ដូច​ជាថ្នាក់ដឹក​នាំខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ តែង​តែគិ​តគូរយកចិត្តទុកដាក់ ចំពោះអតីត​យុទ្ធជន ដែលមានគុណបំ​ណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ាន​លះបង់សាច់ស្រស់ ឈាមស្រស់​ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំ​ដោះប្រទេស​ជាតិ ប្រជាជនឲ្យរួចផុតពីរ​បបប្រល័យពូជសាសន៍ ធ្វើឲ្យប្រ​ទេសកម្ពុជាមានសុខសន្តិភាព និងមា​នការអភិវឌ្ឍន៍រីក​ចំរើន រហូតដល់សព្វថ្ងៃ។

លោកអភិបាលក្រុងបានបន្តថា ពលិកម្ម ប្រកប​ដោយ​ស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធ​នារី និងប្រជាពលរដ្ឋយើ​ងនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំ​ណែកយ៉ាង​សំខាន់ក្នុង​កិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម​សម្រាប់ព្រះរាជា​ណាចក្រកម្ពុជា សំដៅធា​នាឱ្យមា​នការអ​ភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តម​ប្រយោជន៍​សម្រាប់ជា​តិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរលោកអភិបាលក្រុងដូនកែវ ក៏បានថ្លែង​អំណរគុណ និងកោតសរសើរ ចំពោះ​កាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់​ម្ចាស់ជំនួយ​ និងសហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេ​ស​វៀត​ណាម ដែលបានសហការគ្នានាំយកនូវសម្ភារធុងច​ម្រោះទឹកស្អាតមកចែកបងប្អូន ពូមីង នាឱកា​សនេះ ដោយបានចាត់ទុកសកម្មភាព​ទាំងនេះ គឺជាការរួមចំណែ​កជាមួយរដ្ឋាភិបា​លក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដែលតែងតែយកចិត្តទុក​ដាក់នូវសុខមាលភា​ពនិងការកា​ត់បន្ថយភាព​ក្រីក្រមួយផ្នែក ដល់ប្រជា​ពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published.