ខេត្តកណ្តាល៖ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបាន រៀបចំបែងចែកជាក្រុម និងប្រគល់កិច្ចការទទួលខុសត្រូវ ទៅតាមឋានានុក្រុម ឱ្យយុវជនរៀនដឹកនាំដោយខ្លួនឯងផ្ទាល់ ។លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍បែបនេះ ក្នុងឱកាសលោកស្រីអញ្ជើញចូលរួមក្នុងពិធីបើក ការបោះជំរំយុវជនបីល្អ(កូនល្អ សិស្សល្អ មិត្តល្អ)ថ្នាក់ខេត្ត ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។
លោកស្រីអភិបាលរងខេត្តបន្តថា ការបោះជំរំនេះ ក៏ជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាល អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង បំណិនជីវិត ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។ទន្ទឹមនឹងនោះក្មួយៗយុវជន ក៏នឹងត្រូវបានហាត់បានរៀនតាមការអនុវត្តដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៏បំណិនជីវិតរបស់ក្មួយៗ នៃដំណើរការបោះជំរំនេះផងដែរ។
ក្នុងនោះលោកស្រីអភិបាលរងខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ដើម្បីរួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនឡើង ។ ជាពិសេស សូមក្មួយៗត្រូវខិតខំកត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍ សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផលទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយ ឱ្យបានជ្រាបបាន ដឹងពីខ្លឹមសារដ៏មានសារៈសំខាន់នៃកិច្ចការទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ នៅលើទឹកដីកក្រុងតាខ្មៅនេះផងដែរ ៕