ព័ត៌មានជាតិ

អង្គរសង្ក្រាន្តនឹងរៀបចំឡើងវិញរយៈពេល៤ថ្ងៃ​ នៃខែមេសា​ ឆ្នាំ២០២៣​ ដែលមាន​ ៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី

ខេត្តសៀមរាប៖ថ្លែងក្នុងជំនួបពិភាក្សាការងាររៀប​ចំអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅសាលប្រជុំ​រដ្ឋបាល​សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ​ភាព​សហ​ព័ន្ធយុវជ​នកម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការ​ណ៍អង្គរ​សង្រ្កាន្តឆ្នាំ២០២​៣នេះ ​មាន៦​ទីតាំង​កម្សាន្ត មាន៤​៤ កម្មវិធី ដោយ​មានធ្វើការបង្ហាញ ពីផលិ​តផលរបស់ខ្មែរ ដែល​មានរយៈ​ពេល៤ថ្ងៃ ចា​ប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេ​សា ហើយ​ពិធីបើកព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោ​ម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង។

ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លា​យជាព្រឹត្តិកា​រណ៍អន្តរជាតិ ដើមី្បរឹ​តនូវចំ​ណងមិត្តភាព សាមគ្គីភាព​រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក ដែលជា​ការផ្ត​ល់ឱកាស​ឲ្យយុវជន ប្រជាព​លរដ្ឋ ភ្ញៀវទេ​សចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភា​ពរុងរឿង លី្បល្បាញ ភាពសម្បូរ​បែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី​ និង សាសនា នា​សម័យមហានគរ មកដល់បច្ចុប្បន្ន និង​បន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិ​ត្យានុភាព​ជាតិលើឆាកអន្តរ​ជាតិផងដែរ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំ អង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ ក៏ជាការរំលឹ​កឡើ​ងវិញ​នូវព្រឹត្តិការ​ណ៍សំខាន់ៗ ដែល​បានកំណត់ត្រាជាប្រវត្តិសា​ស្ត្រ ដែល​ទទួលស្គាល់ពីអន្តរជាតិ ទៅ​លើវិញ្ញា​សារ (អន្សម​យក្ស ,ការរាំ​ច​ង្វាក់ម៉ានីហ្សូន , ក្រម៉ា ដែ​លវែងជាងគេ , ​ចាប៉ីដងវែង )។សមទ្ធិផ​លទាំង​នេះជាការ​បំផុសនូវគំនិ​តរួបរួមកម្លាំង​សាមគ្គីភាព​ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិ​ខ្មែរជាធ្លុង​មួយ ក្នុងកា​របណ្តុះស្មារតី​អភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញា​ណជាតិខ្មែរ ក្នុងបរិបថ​នៃសមាហរណក​ម្មសហគមន៍​ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទ​ទួលខុសត្រូវ ) ក្នុងសម័​យកាលសា​កលភាវូបនីយ​កម្មទំនើបជំនាន់ថ្មីនេះ។

ក្នុងជំនួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តនេះដែលឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប​ បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំរប​ស់គណៈកម្មការ​រៀបចំកម្មវីធី​អង្គរសង្រ្កាន្ត នៃ​សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកា​ររៀប​ចំខួប១០ឆ្នាំ​នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ( ក្តីស្រមៃ និងក្តីសង្ឃឹម ) អាជ្ញាធ​រខេត្ត​នាពេលនេះ បា​នពិនិត្យទៅ​លើរាល់ គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំ​ពិធីបុណ្យអ​ង្គរសង្រ្កាន្ត ព.ស២៥៦៦.២៥៦៧គ.ស ២០២៣ឲ្យដំ​ណើរការទៅទទួលដោ​យជោគជ័យ ។ ឯកឧត្ត​មក៏បានគូសបញ្ជា​ក់ថា កិច្ចការទាំងនេះ យើងទទួ​លបានបទពិសោធន៍​ជាច្រើនឆ្នាំមកហើយ ព្រមទាំ​ងបានដំណើ​រការប្រព្រឹត្តទៅដោយភាព​​រលូន និងទទួលបានជោគជ័យទៀតផង។

ក្នុងនោះឯកឧត្តម អភិបាលខេត្តក៏បានសង្កត់ធ្ងន់ដោយមន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯក​ជន​ត្រូវពង្រឹងលើ​បញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ បញ្ហាអនាម័យ បរិស្ថាន សំ​ខាន់​នូវបង្គន់អ​នាម័យ និង​ទីចំណតរថ​យន្តគ្រប់ប្រភេទនៅតំ​បន់​ប្រារព្ធ​ពិធី​ ​ទៀត​ផង​៕

Leave a Reply

Your email address will not be published.