ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះផ្តល់កង់ចំនួន២០ គ្រឿង ជូនកូនៗ ដែលមានជីវភាពខ្វះខាត នៅតាមសាលារៀនមួយចំនួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញផ្តល់កង់ចំនួន ១០គ្រឿង ជូនកូនសិស្សនៅមណ្ឌលកុមារកំព្រា ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ក្នុងឱកាសចុះផ្តល់កង់នោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានសំណេះសំណាល និងផ្តាំផ្ញើកូនៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យក្លាយជាក្មេងល្អ សិស្សពូកែ កុំអស់សង្ឃឹម ទោះបីជាជួបការលំបាកផ្នែកជីវភាពក៏ដោយ។មានតែចំណេះវិជ្ជាតែមួយគត់ដែលអាចជួយកូនៗកសាងខ្លួនមានអនាគតល្អ។សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា កង់ទាំងអស់នេះ ជាមធ្យោបាយធ្វើដំណើរទៅរៀនសូត្រនៅសាលារៀន បានជួយកាត់បន្ថយការលំបាកជាគ្រា។ហើយសង្ឃឹមថាកូនៗទាំងអស់នឹងក្លាយជាទំពាំងស្នងឬស្សី ដ៏ល្អនៅថ្ងៃអនាគត សំណាងល្អទាំងអស់គ្នាក្នុងជីវិត។កង់ទាំងអស់នេះបានមកពីការចូលរួមជួយឧបត្ថម្ភពីមិត្តភក្រ័ឯកឧត្តម អតីតសិស្សដែលសិក្សានៅវិទ្យាល័យភ្នំដូនពេញឆ្នាំ១៩៨៣–១៩៨៦។
ឆ្លៀតក្នុងឱកាសនេះ ជួសមុខឲ្យសិស្សានុសិស្ស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
សូមថ្លែងអំណរគុណដល់មិត្តភ័ក្រជាអតីតសិស្សវិទ្យាល័យភ្នំដូនពេញ ជំនាន់ឆ្នាំ១៩៨៣~១៩៨៦ ដែលបានផ្តល់ថវិកាចូលរួមទិញកង់ចំនួន ៣៥គ្រឿង ដើម្បីផ្តល់ជូនសិស្សក្រីក្រក្នុងខេត្តបន្ទាយមានជ័យ៕