(បន្ទាយមានជ័យ)៖រាល់សមិទ្ធផលដែលបានក៏កើតឡើង នៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយខឿនសេដ្ឋកិច្ចរឹងមាំ។លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសំណាក់លោកតាក្រហមក នៅវត្ត រតនរាម ហៅវត្តផ្សារកណ្ដាល ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២។
ព្រះសិរីរក្ខិតវស្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តផ្សារកណ្ដាលនិងជាទីប្រឹក្សា សម្ដេចព្រះមណសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេពវង្ស ព្រះអង្គមានសង្ឃដិកាបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលបានក៏កើតឡើង គឺជាសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទ សប្បុរសជនក្នុងក្រៅប្រទេសជាពិសេសអស់លោក លោកស្រី អាជីវករ ក្នុងក្រុងប៉ោយប៉ែត ដែលបានលះបង់កម្លាំងកាយចិត្ត ធនធានថវិកាដើម្បីជួយកសាង រួមមានសមិទ្ធផលជាច្រើន។
ព្រះតេជគុណមានសង្ឃដិការបន្តថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២២នេះ ត្រូវបានចំណាយអស់ថវិកាប្រមាណជិត ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដោយសមិទ្ធផលខ្លះបានរួចរាល់និងសមិទ្ធផលមួយចំនួន កំពុងសាងសង់ដូចជា សាលាពុទ្ធិកសិក្សាជាដើម ម៉្យាងវិញទៀតព្រះសង្ឃគង់នៅវត្តនេះមានចំនួនច្រើនអង្គ កំពុងសិក្សារៀនសូត្រ ដូចនេះក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវទទួលរាប់រងចំណាយច្រើនក្នុងមួយថ្ងៃៗ ហើយព្រះអង្គសូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនិងសប្បុរសជន ពិសេសអាជីវករក្នុងក្រុងប៉ោយប៉ែត ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមជាសទ្ធាជ្រះថ្លាជួយកសាងនៅសាលាពុទ្ធិកសិក្សា ដែលជាសាលាសម្រាប់ព្រះសង្ឃបានរៀនសូត្រផងដែរ។
នាឱកាសនោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានសម្តែងការ កោតសសើរចំពោះ ការចូលរួមជាសទ្ធាជ្រះថ្លាចំពោះបងប្អូនប្រជាពលរដ្ឋ សប្បុរសជនដែលបានរួមសាមគ្គីគ្នាហើយជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍលើគ្រប់វិស័យមិនថាពុទ្ធចក្រឬអាណាចក្រ។ ចុងក្រោយលោក គាត ហ៊ុល ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការចាក់វ៉ាក់សាំង ដូសបន្តបន្ទាប់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ នៅតាមមណ្ឌលសុខភាពព្រោះថា មេរោគឆ្លងកូវីដ១៩នេះ នៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូចនេះសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ព្រោះថា បច្ចុប្បន្ននេះប្រទេសយើងនៅមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍មួយចំនួន ប៉ុន្តែវាឆ្លងតិចតួចប៉ុណ្ណោះមូលហេតុដែលយើងបានចាក់វ៉ាក់សាំងការពារ៕