(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១២និង៤៩នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះលេខG21 ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះយោងតាមពាក្យបណ្តឹងឈ្មោះ DANI AQFHAK YULIYAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី និងឈ្មោះ OMITH ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅក្នុង បុរី សាន ស៊ានហូ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ឈៀង សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការភ្លាមៗទៅដល់កន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ ពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ របស់ជនរងគ្រោះទាំងពីរនាក់ ហើយលួចយកទូរស័ព្ទពិតប្រាកដមែន។
ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការសួរនាំតាមនីតិវិធី និងបានធ្វើតេស្តត្រួតពិនិត្យទឹកនោមលទ្ធផលវិជ្ជមានផងដែរ។ក្រោយការឃាត់ខ្លួននិងសួចម្លើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចទូរស័ព្ទ របស់ជនរងគ្រោះទាំង២នាក់ពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យ រូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ចំណែកវត្ថុតាង (ទូរស័ព្ទ) ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដើមវិញហើយ៕