ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ែត ចាន់ថុន តំណាងសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យទីតាំងរៀបចំទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅជើងភ្នំពង្រ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា កន្លងមកក្នុងខេត្តបន្ទាយមានជ័យ មានសមាគមអតីតយុទ្ធជនកម្ពុជា ដំណើរការមានសកម្មភាពកិច្ចការងារជាច្រើន ដើម្បីជួយដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនកម្ពុជា ជាក់ស្តែងមាននៅតំបន់ដីការ៉េ ២ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលបានរៀបចំឲ្យមានជាមណ្ឌលអតីតយុទ្ធជន មានគ្រួសារអតីតយុទ្ធជនរស់ មានផ្ទះសម្បែងសមរម្យ មានដីធ្លីបង្ករបង្កើនផល
ប្រមាណរាប់រយគ្រួសារ ។
ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា របស់យើងទាំងអស់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិ និងប្រជាជន តស៊ូក្នុងសម័យសង្គ្រាមរហូតយើងមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ដោយការយកចិត្តទុកដាក់នេះហើយ ដើម្បីឲ្យសមាគមមានកន្លែងបំពេញការងាររបស់មន្ត្រីសមរម្យ យើងបានគិតគូររៀបចំឲ្យមានជាទីស្នាក់ការបំពេញការងារក្នុងទីរួមខេត្តរបស់យើង ដើម្បីការបំពេញការងាររបស់សមាគម បម្រើសេវាផ្សេងៗជូនគ្រួសារអតីតយុទ្ធជនយើង ប្រកបដោយប្រសិទ្ធិភាព និងជោគជ័យថែមទៀត ។
នៅថ្ងៃទី២៩ វិច្ឆិកា នឹងរៀបចំពិធីបញ្ចុះបឋមសិលាកសាងសមាគមផងដែរ៕