
ស្ងាត់ៗ!!! ក្រុមហ៊ុន ភីអិនធី(PNT) កំពុងពង្រាយកម្លាំងប្រមូលទិញឈើខុសច្បាប់ នៅក្នុងតំបន់ស្នូលព្រៃឡង់ ក្នុងស្រុករវៀង យ៉ាងគគ្រឹកគគ្រេងដើម្បីបម្លែងទៅជាឈើមានច្បាប់!!!
ខេត្តព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីសមាគមន៍ព្រៃឡង់មកថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុន (ភីអិនធី PNT) កំពុងដាក់កម្លាំងពង្រាយឈរចាំប្រមូលទិញ ផលអនុផលព្រៃឈើ នៅស្រុករវៀង ក្នុងតំបន់ស្នូលព្រៃឡង់ ដោយប្រើមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ តាមគោយន្តកន្ត្រៃ រាប់សិបគ្រឿង រួចដឹកឆ្ពោះចូលទៅក្រុមហ៊ុនរបស់ខ្លួនដើម្បីបម្លែងទៅជាឈើស្របច្បាប់ ដើម្បីបំភាន់ភ្នែកមហាជន និង ថ្នាក់ដឹកនាំ។
ប្រភពបន្តថា៖ ក្រុមហ៊ុន (ភីអិនធី PNT co.Ltd ) បាននឹងកំពុងដាក់កម្លាំងកម្មករជាច្រើនក្រុម អោយចូលទៅកាប់ផលអនុផលព្រៃឈើយ៉ាងសកម្ម ក្នុងតំបន់ស្នូលនៃព្រៃឡង់ ក្នុងស្រុករវៀង ខេត្ដព្រះវិហារ។ ហើយទីតាំងដែលក្រុមកម្មករ របស់ក្រុមហ៊ុនចូលទៅកាប់ឈើ រំលំផ្តួល អាជ្រៀក មានច្រើនគោលដៅ គឺមាននៅចំណុចបុស្សរាំង.ក្បាលដំរី.ស្រែកណ្តាល.អូរអាចម៍ដែក.ភូមិចាស់.ភ្នំចោត.ប្រាសាទគោល.ព្រៃស្រឡៅ និងស្រែតាង៉ុត។ ក្រោយកាប់រំលំផ្តួល អាជ្រៀក ឈើទាំងនោះ ត្រូវបានក្រុមហ៊ុន ភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទាន របស់ខ្លួន ដើម្បីអោយឈើទាំងនោះ ក្លាយជាឈើស្របច្បាប់។
ប្រភពបន្ថែមថា តាំងពីក្រុមហ៊ុន ភីអិនធី ធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ចូលទៅក្រុមហ៊ុននោះ ពីរសប្ដាហ៍ជាងមកហើយដែរ តែពុំឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំការនៅទីនោះ ធ្វើការទប់ស្កាត់ និងបង្ក្រាបនៅឡើយទេ សង្ស័យមន្ត្រីជំនាញពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ជាអ្នកបើកភ្លើងខៀវអោយហើយមើលទៅ ទើបក្រុមហ៊ុននេះ អាចដឹកជញ្ជូនឈើយ៉ាងគគ្រឹក បានដោយរលូនដូច្នេះ។ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ រួមនិង សមាគម ព្រៃឡង់ បាននាំគ្នារិះគន់ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធ ខាងបង្ក្រាបផលអនុផលព្រៃឈើ នៅស្រុករវៀង យ៉ាងចាស់ដៃថា តើអស់លោក ទៅណាអស់ហើយ ទើបបណ្តែតបណ្ដោយ អោយក្រុមហ៊ុន ( ភីអិនធី PNT ) សម្រុកទិញនិងដឹកជញ្ជូនឈើយ៉ាងសកម្ម តាម គោយន្តកន្ត្រៃ រាប់សិបគ្រឿង ជារៀងរាល់ថៃ្ង–យប់ ដឹកទៅចូលក្រុមហ៊ុម នោះ ដោយជោគជ័យ បែបនេះទៅវិញ? ឬមួយក៏អស់លោក បានទទួលលាភសក្ការៈពីក្រុមហ៊ុន ( ភីអិនធី PNT ) ជាថ្នូរមិនបង្ក្រាប។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម គីម រឹទ្ធី ដែលទើបឡើងជាអភិបាលខេត្តព្រះវិហារថ្មី សូមមេត្តាដឹកនាំកម្លាំងទប់ស្កាត់ រាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលក្រុមហ៊ុន (ភីអិនធី PNT) មួយនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក មហាជន គ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋថាបាននឹងកំពុងដាក់កម្លាំង ឈរចាំប្រមូលទិញឈើ នៅស្រុករវៀង ក្នុងតំបន់ស្នូលព្រៃឡង់ ពីក្រុម គោយន្តកន្ត្រៃ និង អោយដឹកឈើទាំងនោះ ចូលទៅក្រុមហ៊ុនខ្លួន ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២នេះ យ៉ាងភ្លូកទឹកភ្លូកដី។
ជុំវិញករណីនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរដែលពាក់ព័ន្ធជាពិសេសក្រុមហ៊ុន ភីអិនធី រៀងរាល់ម៉ោងធ្វើការ៕